រាជរដ្ឋាភិបាលសម្រេចឲ្យធ្វើចត្តាឡីស័កថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបប្រមុខការទូតហុងគ្រី

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ចេញផ្សាយមុននេះបន្តិច។

ក្រោយទទួលបានព័ត៌មានថា រដ្ឋមន្ត្រី និងពាណិជ្ជកម្មហុងគ្រី ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) ឆ្លងវីរុសកូវីដ១៩ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តដល់មន្ត្រីទាំងអស់ ដែលធ្វើការពាក់ព័ន្ធ ជាមួយឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី។ នេះបើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដូច្នេះ ក្រោយពីរសៀលថ្ងៃទី៤ ខែវិច្ឆិកានេះ ទីភ្នាក់ងារសារព័ត៌មាន reuters បានផ្សាយថា ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅពេលឯកឧត្តម កំពុងធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ។ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី មិនមានរោគសញ្ញាអ្វីនោះទេ។

ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជួបពិភាក្សាការងារដោយផ្ទាល់ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ ព្រមទាំងជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើនផ្សេងទៀត។

ជុំវិញបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំណួរអ្នកកាសែតថា លោកជំទាវ មិនទាន់ទទួលបានព័ត៌មាននេះទេ ដោយបច្ចុប្បន្ន លោកជំទាវ កំពុងជាប់បំពេញបេសកកម្មនៅខេត្ត។

យ៉ាងណាក៏ដោយ ជាគោលការណ៍ អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលនឹងអ្នកជំងឺកូវីដ១៩ ត្រូវតែធ្វើតេស្តរកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕