ក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា អ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី គិតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា មានចំនួន ៨៤០នាក់ ហើយលទ្ធផលតេស្ត គឺ អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto) កាលពីថ្ងៃម្សិលមិញ មានចំនួន ២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ ដែលធ្វើឱ្យចំនួនអ្នកធ្វើតេស្តសរុបទាំងអស់ បានកើនដល់ ៨៤០នាក់។
ក្រសួងបន្តថា ចំពោះលទ្ធផលតេស្តទៅលើអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។
ទោះជាយ៉ាងណា ក្រសួងបានណែនាំដល់អ្នកដែលប៉ះពាល់ទាំងនោះ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវវិលត្រឡប់ទៅធ្វើតេស្តឡើងវិញចំនួន ៣ដងទៀត នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ទី១៤ និងទី១៨ ខែវិច្ឆិកា។
បើតាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៨៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦នាក់៕