បន្ទាយមានជ័យ ៖ជនជាប់ឃុំក្នុងពន្ធគារខេត្ត បន្ទាយមានជ័យប្រមាណ១៦៣១នាក់ដែលបានជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីអំឡុងពាក់កណ្តាលខែតុលាឆ្នាំ២០២០ទៅកាន់ពន្ធនាគារខេត្តចំនួន៤នោះឥឡូវត្រូវវិលនិវត្តន៍វិញនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០បន្ទាប់ពីទឹកជំនន់បានថមថយនិងស្រកទៅវិញ។
ការវិលនិវត្តន៍នេះដែរធ្វើឡើងក្រោមការដឹកនាដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្របសម្រួលដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រោមការរៀបចំកិច្ចការពារយ៉ាងតឹងរឹងពីសំណាក់កងកម្លាំងទាំងបីប្រភេទ។
យោងតាមសម្តីឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថា ពន្ធនាគារខេត្តបានរងការលិចលង់ដោយទឹកជំនន់ ជនជាប់ឃុំទាំងអស់មានចំនួន១៦៣១នាក់ ស្រី៨៥នាក់ ត្រូវបានបង្ខំចិត្តដឹកជម្លៀសចេញទៅកាន់ពន្ធនាគារខេត្តចំនួន៤ក្នុងនោះ មានខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំនិងខេត្តឧត្តរមានជ័យដើម្បីបញ្ជៀសពីជំនន់ទឹកភ្លៀងនេះ។លោកបញ្ជាក់ថាជនជាប់ឃុំដែលត្រូវជម្លៀសចេញទៅផ្ញើនិងពន្ធនាគារខេត្តទាំង៤មានខេត្តខេត្តឧត្តរមានជ័យ២០០នាក់ ខេត្តសៀមរាប ៨៥៥នាក់ ខេត្តកំពង់ធំ២០០នាក់ និងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់។
លោកឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបញ្ជាក់អោយដឹងដែរថា ក្រោយជំនន់បានស្រកទៅវិញ ជនជាប់ឃុំក៏ត្រូវបានដឹកអោយវិលនិវត្តន៍មកពន្ធនាគារខេត្តបន្ទាយមានជ័យវិញ តែការវិលនិវត្តន៍មិនគ្រប់តាមផែនការបញ្ជូននោះទេដោយពិរុទ្ធជនមួយចំនួនត្រូវបានដោះលែងអោយមានសេរីភាពក្រោយពីពួកគេបានបញ្ចប់ពិរុទ្ធតាមសាលក្រមតុលាការ។ក្នុងនោះការដឹកជញ្ជូនអោយវិលត្រឡប់មានខេត្តឧត្តរមានជ័យ៨៨នាក់ខេត្តសៀមរាប៨២៦នាក់ ខេត្តកំពង់ធំ១៩០នាក់ និងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង២១៤នាក់សរុប១៣១៩នាក់។
លោកឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ក៏បានបញ្ជាក់ទៀតថា ជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំ ៣លើក ។
សូមបញ្ជក់ផងដែរថាការដឹកជញ្ជូនអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ
ដែលមានចំនួនច្រើនទៅកាន់ខេត្តទីទួលសុវត្ថិភាព គេសង្កេតឃើញថា ហាក់មិនមានហានិភ័យសម្រាប់សមត្ថកិច្ចដែលសម្របសម្រួលនិងការពារនោះទេព្រោះថាវាបានក្លាយទៅជាបទពិសោធន៍ទៅហើយ ដោយក្នុងនោះ ខេត្តបន្ទាយមានជ័យបានរងគ្រោះទឹកជំនន់ជនលិចនិងជម្លៀសជនជាប់ឃុំបីដងមកហើយ៕