កម្ពុជា នឹងនាំអ្នកកាសែតទៅមើលមូលដ្ឋានទ័ពជើងទឹករាម ឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ ជុំ សុជាត បានប្រកាសបដិសេធជាថ្មីម្តងទៀត នូវព័ត៌មានដែលបានផ្សាយដោយសារព័ត៌មាន អាមេរិកដែលថា កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់ ដើម្បីឲ្យចិន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។

ការប្រកាសបដិសេធជាថ្មី ដោយផ្ទាល់មាត់នេះ បានធ្វើឡើង ក្នុងសន្និសីទកាសែត ប្រចាំសប្តាហ៍ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន បានប្រកាសថា ក្រសួងការពារជាតិ នឹងរៀបចំនាំក្រុមអ្នកសារព័ត៌មាន ទៅ ពិនិត្យដោយផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី២៦ ខែ កក្កដា ឆ្នាំ២០១៩ នេះ ដើម្បីបញ្ជាក់ជាសាធារណៈ និងជាការឆ្លើយតបទៅនឹងការប្រឌិតរបស់ សារព័ត៌មានសហរដ្ឋអាមេរិក៕