រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់មន្ត្រីអង្គការ ILO ពីការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីកិច្ចប្រែងប្រែង របស់ រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង តាមរយៈការ គាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អរសិទ្ធិការងារ ព្រមទាំងការដាក់ចេញ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ជាដើម។

នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នាយកកម្មវិធី ការងារកាន់តែប្រសើរនៃអង្គការ ILO នៅទីស្តីការក្រសួងពាណិជ្ជកម្មកាល ពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះ កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរ ហៅកាត់ថា BFC របស់អង្គការពលកម្មអន្តរជាតិ និង បានសន្យាជួយជំរុញរោងចក្រផលិតសម្ភារៈ ធ្វើដំណើរ ចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន។

លោកបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្ត កម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២) ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាង អនុស្សរណនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ ហើយ សូមធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី ហា ហ្វៀងហុង អំពីគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ និងកិច្ចសហប្រតិបត្តិការល្អ រវាង ILO-BFC ជាមួយក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងបានស្នើសុំអង្គការ ILO ផ្ទេរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតអំពី វិធីសាស្រ្តវាយតម្លៃលក្ខខណ្ឌការងារ នៅតាមបណ្តារោងចក្រដល់មន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដឹកនាំការត្រួតពិនិត្យនៅក្នុងឆ្នាំបន្ទាប់ ។

ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានបក ស្រាយ អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងស្បែកជើង ៕