ថ្ងៃនេះ លទ្ធផលធ្វើតេស្ដបន្ថែមលើមនុស្ស៥៦នាក់ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា «អវិជ្ជមានកូវីដ១៩»

ថ្ងៃទី១២ ខែវិច្ឆិកា នេះ ក្រសួងសុខាភិបាលបានធ្វើតេស្ដបន្ថែមលើមនុស្សចំនួន ៥៦នាក់ទៀត ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយជាលទ្ធផលបង្ហាញថា «អវិជ្ជមានកូវីដ-១៩ ទាំងអស់»។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា គិតចាប់តាំងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន ១ ៦៧៥នាក់ហើយ លើចំនួនសំណាកតេស្តសរុប ២ ៦២០។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាននៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ហើយនឹងត្រៀមបន្តធ្វើតេស្តលើកទី៣ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ វិច្ឆិកាខាងមុខទៀត។

សូមជម្រាបថា ការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំពោះអ្នកផ្សេងទៀត ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា៕