ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានចូលរួមក្នុងពិធីរំលឹក ទិវាអតីតយុទ្ធជន ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីលោកចូបៃដិនបានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីកាលពីថ្ងៃពុធបានធ្វើទស្សនកិច្ចនៅទីបញ្ចុះសពជាតិ Arlington នៅជាយក្រុងវ៉ាស៊ីនតោន រួមជាមួយលោកស្រីទីមួយ និងអនុប្រធានាធិបតី លោក Mike Pence ។
លោក Trump ត្រូវបានគេសង្កេតឃើញឈរដោយភាពស្ងប់ស្ងាត់មួយភ្លែតនៅក្រោមភ្លៀងរលឹមតិចៗ។ លោកមិនបានថ្លែងសន្ទរកានៅក្នុងពិធីនេះនោះទេ។ លោកប្រធានាធិបតី នៅតែបន្តបដិសេធមិនទទួលស្គាល់ការបរាជ័យក្នុងការបោះឆ្នោតនេះឡើយ។ លោកទទូចថាការលួចបន្លំអ្នកបោះឆ្នោតត្រូវបានរីករាលដាលដោយបានសរសេរលើបណ្តាញ ធ្វីសធឺរ ថា “យើងនឹងឈ្នះ!” ការិយាល័យ លោក Trump បានបង្ហាញទស្សនៈរបស់ខ្លួនថា ការបោះឆ្នោតមិនទាន់ចប់នៅឡើយទេខណៈរដ្ឋមន្ត្រីនៃចចជៀ បានប្រកាសពីការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃទាំងអស់នៅទីនោះ។កាសែត Washington Post បានរាយការណ៍ថាជំនួយការរបស់ប្រធានាធិបតី រួមទាំងប្រធានបុគ្គលិកសេតវិមានលោក Mark Meadows បានសម្តែងក្តីបារម្ភអំពីបណ្តឹងដែលបានដាក់ដោយការិយាល័យលោក Trump ជុំវិញសុពលភាពនៃការបោះឆ្នោត នឹងមិនទទួលបានជោគជ័យឡើយលើកលែងតែភស្តុតាងបន្ថែមទៀតនៃការធ្វើខុស ត្រូវបានរកឃើញ។ ប្រធានាធិបតីជាប់ឆ្នោតលោក ចូបៃដិន ក៏បានផ្តល់កិត្តិយសដល់ទិវាអតីតយុទ្ធជននេះផង ដែរ។ លោកបានដាក់កម្រងផ្កា នៅឯពិធីរំលឹកសង្គ្រាមកូរ៉េនៅទីក្រុង Philadelphia ។
លោក បៃដិន កំពុងជំរុញការងារផ្លាស់ប្តូរទៅមុខជាមួយក្រុមរបស់លោក។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថាជំហររបស់លោក Trump អាចនាំឱ្យមានការពន្យារពេលក្នុងការរៀបចំរបស់លោក Biden សម្រាប់ការផ្ទេរអំណាច៕