ក្រុងព្រះសីហនុ ៖ ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់អគារ នៅខេត្ត ព្រះសីហនុ ចំនួន៧គ្រួសារ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ប្តឹងទាមទារសំណងពីក្រុមហ៊ុន XI GANG TANG GONG YOU JI HAISAO ពាក់ព័ន្ធនឹងករណីដែលសាច់ញាតិ របស់ពួក គេបានរងគ្រោះក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ។
ប្រភពព័តឥមានមួយបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះដែលប្តឹងនោះមានចំនួន ៧គ្រួសារ មកពីខេត្តព្រៃវែង និងខេត្តកំពង់ចាម រួមមានៈ ១. ឈ្មោះ សុន សុផាត ២. ឈ្មោះ ផឹម អិត ៣. ឈ្មោះ ភួន ផានិត ៤. ឈ្មោះ ឆេង ចំរើន ៥. ខឹម សាខន ៦. ឈ្មោះ យឹម ថេន ៧. ឈ្មោះ ឈុំ ចិនឡាង។
លោក យឹម ប៉ុណ្ណារ៉េត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់ បណ្តាញព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះថា ពិតជាមានបណ្តឹងយ៉ាដូច្នេះមែន ហើយបច្ចុប្បន្ន លោកចៅក្រម សុខ ហេង ជាអ្នកកាន់សំណុំរឿងនេះ។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការដ្ឋានសំណង់នេះ មានម្ចាស់ឈ្មោះ CHEN KHUN ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ XI GANG TANG GONG YOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ AGO YU ភេទប្រុស អាយុ២៩ឆ្នាំ។ បច្ចុប្បន្នអ្នកទាំង៤នាក់នេះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ មានទំហំទទឹង ១៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់បានប្រមាណ ៧០ ទៅ ៨០ភាគរយ ហើយបានបាក់ស្រុត កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឲ្យកម្មករស្លាប់ចំនួន ២៨នាក់ និងរងរបួសចំនួន ២៦នាក់៕