ប្រជាកសិករត្អូចត្អែរពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ លក់មិនចេញ ឈ្មួញកណ្តាលទិញតែស្រូវគុណភាពលេខ១

ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិកររស់នៅឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរ ពីបញ្ហាតម្លៃស្រូវផ្កាម្លិៈធ្លាក់ថ្លៃ ហើយឈ្មួញទិញតែស្រូវផ្លាម្លិៈគុណភាពលេខ១ ហើយឲ្យតម្លៃទាប ឯគុណភាពស្រូវម្លិៈលេខ២ និងលេខ៣ ឈ្មួញមិនទិញ ប្រជាកសិករស្នើឲ្យមន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរ ជួយរកទីផ្សារ ដើម្បីលក់យកប្រាក់សងបំណុល នាយទុន។

ប្រជាកសិករលើកឡើងថា ស្រូវផ្កាម្លិៈឆ្នាំនេះ ក្រោយពីទឹកលិចស្រូវ ហើយស្រូវដែលនៅសេសសល់ លក់មិនចេញ ដោយក្រុមឈ្មួញទិញតែស្រូវគុណភាពលេខ១ ថែមទាំងបង្អាប់ប៉ាន់ហើយឲ្យតម្លៃទាប ឡើងចុះតាមតែបបូរមាត់ ដែលទំងន់១តោនស្រូវផ្កាម្លិៈតម្លៃ៨០០០បាត ហើយតម្លៃកាន់តែធ្លាក់ចុះ ដែលខុសពីឆ្នាំមុន ស្រូវម្លិៈគុណភាពលេខ១ តម្លៃ១តោន ជាង៩០០០បាត ទៅ១០០០០បាត។

ប្រជាកសិករបញ្ចាក់ថា ឆ្នាំនេះទឹកធំ ស្រូវផ្កាម្លិៈខូចច្រើន ហើយស្រូវនៅសេសសល់ គុណភាពខ្លះមិនសូវល្អ ខ្លះខ្មៅ ខ្លះលាយច្រើន ខ្លះគ្រាប់វែងខ្លី ដែលឈ្មួញបែងចែកថា ជាស្រូវគុណភាពលេខ២ និងលេខ៣ ឈ្មួញមិនទិញ ធ្វើឲ្យពួកកាត់មានការព្រួយបារម្ភពីប្រាក់ត្រូវសងបំណុលដែលខ្ចីបុលពីនាយទុន និងអង្គការធនាគារផ្សេងៗ យកមកធ្វើស្រែ។

ពាក់ព័ន្ធបិងបញ្ហានេះ លោក សឿន ម៉ៅ ឈ្មួញកណ្តាលបានប្រាប់ថា ការទម្លាក់តម្លៃនេះ ដោយសារតែ ខាងរោងម៉ាស៊ីនដែលលោកយកទៅលក់បន្តនោះ គេទម្លាក់តម្លៃដូចគ្នា ហើយស្រូវដែលមិនបានទិញពីប្រជាកសិករនោះ ដោយសារខាងរោងម៉ាស៊ីន គេមានកំណត់រើសតែស្រូវគ្រាប់វែង ស្មើល្អ និងពណ៌មិនខ្មៅ ជាស្រូវ គុណភាពលេខ១ និងមានចំនួនកំណត់ ទើបក្រុមឈ្មួញកណ្តាល ត្រូវទិញតាមតម្រូវការរោងម៉ាស៊ីន មិនហ៊ានទិញស្រូវគុណភាពលេខ២ និងលេខ៣ឡើយ ដោយខ្លាចរោងម៉ាស៊ីនមិនទទួលទិញ(ត)។

ពាក់ព័ន្ធ និងបញ្ហានេះ លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ បញ្ជាក់ថា ខាងលោកគ្រប់គ្រងតែផ្នែកផលិតតែប៉ុណ្ណោះ ចំណែកឯខាងទីផ្សារវិញ លោក មិនដឹងធ្វើយ៉ាងណានោះទេ លោកចង់ឲ្យតែប្រជាកសិករលក់បានច្រើនតម្លៃថ្លៃដូចគ្នា តែលោក ក៏គ្មានសិទ្ធិបញ្ជាឈ្មួញឲ្យកំណត់តម្លៃនោះទេ៕