កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការងាររបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។
ការប្តេជ្ញាចិត្តរួមគ្នានេះបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់ ឯកឧត្តម ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានាពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់ ឯកឧត្តម ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។
ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយរៀបចំបច្ចេកទេស សុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រសហគ្រាស។
ឯកឧត្តរដ្ឋមន្ត្រី បានស្នើពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលើការងារនេះ។ ហើយកម្ពុជាមានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរី តទៅមុខទៀត ដោយសង្ឃឹមថា សិង្ហបុរីនៅតែបន្តចែករំលែកបទពិសោធន៍ដល់កម្ពុជា។
ឯកឧត្តមអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាលនិងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាមកម្ពុជា។ ឯកឧត្តមមើលឃើញថា សិក្ខាកាមកម្ពុជាចូលចិត្តសិក្សានៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយ ក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់ល្អប្រសើរ។
ឯកឧត្តមបន្តថា សិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយក្នុងនាមជាឯកអគ្គរដ្ឋទូតក៏តែងតែជំរុញដល់ក្រុមហ៊ុនទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះការវិនិយោគរបស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារដល់កម្មករកម្ពុជា ដើម្បីឱ្យពួកគេទទួលបានជំនាញសមស្របមួយសម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហការរួមគ្នាកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលទាំងពីរ បានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អទាន់ពេលវេលា ដែលជាផ្នែកមួយ អំណោយផលសម្រាប់អ្នកវិនិយោគនៅកម្ពុជា ក៏ដូចជាបានការពារពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសិង្ហបុរីផងដែរ៕