កាន់តែធ្ងន់ធ្ងរហើយអ្នកជំងឺCovid-19:ជាង៥០០នាក់ នៅទីក្រុងសេអ៊ូលត្រូវចាំនៅផ្ទះសិន ដោយសារពេទ្យរដ្ឋពេញអស់ហើយ ខណៈកុងតឺន័រត្រូវតម្លើងជំនួសបន្ទប់ពេទ្យវិញ

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះបានប្រកាសស្នើឱ្យមន្ទីរពេទ្យឯកជន សហការជាមួយអជ្ញាធរសុខាភិបាលដោះស្រាយបញ្ហាខ្វះខាតគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ដែលកំពុងជាបញ្ហាប្រឈមខ្លាំងក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញសេអ៊ូល ស្របពេលដែលករណីឆ្លងកូវីដថ្មីនៅតែបន្តកើនឡើងខ្លាំងជាបន្តបន្ទាប់នោះ។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងកិច្ចប្រជុំជាមួយមន្ត្រីសុខាភិបាលឆ្លើយតបទៅនឹងជំងឺកូវីដនារសៀលថ្ងៃព្រហស្បត្តិ៍ថា ចំនួនគ្រែពេទ្យដែលត្រូវការភ្លាមៗសម្រាប់អ្នកជំងឺធ្ងន់ធ្ងរនៅក្នុងទីក្រុងសេអ៊ូលនៅសល់ចំនួនតិចមែនទែន បើតាមការបញ្ជាក់រ​បស់លោកគឺនៅត្រឹមមួយខ្ទង់ប៉ុណ្ណោះ មានន័យថាមានក្រោម១០គ្រែប៉ុណ្ណោះ។ គាត់បានបញ្ជាក់ថាមន្ទីរពេទ្យសាធារណៈរបស់រដ្ឋសឹងតែអស់លទ្ធភាពហើយក្នុងការទទួលយកអ្នកជំងឺដែលកើនឡើងយ៉ាងច្រើនមែនទែននោះ ជាពិសេសគឺតម្រូវការសម្រាប់អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយដូចនេះចាំបាច់ណាស់រដ្ឋាភិបាលស្នើសុំឱ្យមានការចូលរួមជួយពីសំណាក់មន្ទីរពេទ្យឯកជននានាក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនធំៗក្នុងខេត្តឃ្យ៉ុងគីដូ និងក្រុនអ៊ីនឆន់ជាដើមនោះ។

បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េកំពុងព្យាយាមកាន់តែខ្លាំងក្នុងការតាមដានរកប្រភពអ្នកពាក់ព័ន្ធនឹងអ្នកដែលវិជ្ជមានកូវីដ និងព្យាយាមផ្តល់នូវវិធីកាន់តែច្រើនបន្ថែមទៀតសម្រាប់ការធ្វើតេស្តដើម្បីអាចគ្រប់គ្រងហានិភ័យនៃការឆ្លងសហគមន៍នាពេលនេះបាន។ ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េក៏កំពុងបន្តធ្វើការញាប់ដៃញាប់ជើងក្នុងការធានាទិញយកវ៉ាក់សាំងកូវីដ-១៩សម្រាប់ប្រជាជនខ្លួនផងដែរ ដែលរដ្ឋាភិបាលបានបញ្ជាក់កន្លងមកថានឹងទិញវ៉ាក់សាំងចំនួន៦៤លានដូស សម្រាប់ប្រជាជន៤៤លាននាក់។