ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះចែកអំណោយជូនបងប្អូនពលករខ្មែរនៅជាយទីក្រុងបាងកកជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន

ប្រទេសថៃ ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកររស់នៅជាយទីក្រុងបាងកក ជប់ព្រំប្រគល់ខេត្តសមុទ្រសាខន ដែលកំពុងប្រឈមនិងការលំបាក ដោយសារកូវីដរាតត្បាតខ្លាំង ដើម្បីជួយសម្រាលដល់ជីវភពបងប្អូនមួយកម្រិត ។

នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ មានកិត្តិយសសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាជ្រាបថាបន្ទាប់ពីស្ថានទូតបានទទួលដំណឹងពីទុក្ខលំបាកខ្លាំងរបស់បងប្អូនពលរដ្ឋខ្មែរមួយចំនួនដោយសារស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមខេត្តមួយចំនួនក្រោយការផ្ទុះឆ្លងជំងឺ covid-19 រលកថ្មីនៅខេត្តសមុទ្រសាខន ទើបនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូតបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅចែកជូនដល់ពលករខ្មែរប្រមាណ ជិត ២០០ គ្រួសារ ។


អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ស្ករស អំបិល និងម៉ាស ដើម្បីចែកជូនបងប្អូនពលករខ្មែរចំនួនជិត២០០គ្រួសារនៅជាយទីក្រុងបាងកកជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន ដែលកំពុងរងផលប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃក្រោយការរឹតបន្តឹងការចេញចូលក្នុងតំបន់មួយនេះ។

អាស្រ័យដូចបានជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត កុំធ្វើការចល័តឬរត់គេចពីមួយកន្លែងទៅមួយកន្លែងអោយសោះ នៅក្នុងកំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ថ្មីៗនេះ ដើម្បីអនុវត្តវិធានការនាៗរបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្លួន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យដើម្បីចូលរួមបង្កើន និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត ។

នៅក្នុងករណីនេះបើបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកស្ថានទូតតាមរយៈ facebook page ឬលេខទូរស័ព្ទ 092 8050561ផ្នែកកុងស៊ុលសិស្សនិស្សិត និងលេខ 0940925905 ផ្នែកទទួលបន្ទុកពលករ។សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅថៃទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕