ចាំគាត់ទេ? អតីតតួឯកប្រុសជំនាន់ឆ្នាំ ៨០-៩០ ពេលនេះគាត់ប្រើជីវិតរស់នៅសព្វថ្ងៃក្នុងងារជាមន្ត្រី

ភ្នំពេញ ៖ ជាការពិតណាស់បើនិយាយដល់តួកុនខ្មែរផ្នែកបុរសជំនាន់ឆ្នាំ ៨០-៩០ ច្បាស់ណាស់ប្រិយមិត្តនឹងនឹកឃើញដល់វត្តមានតារាប្រុស ទេព រិន្ទដារ៉ូ ខៃ ប្រសិទ្ធ ច័ន្ទ រិទ្ធមេធានី យុត្ថារ៉ា ឆានី ពេជ្រ ភារុន យស បូវណ្ណៈ និង តារាប្រុសជាច្រើនរូបទៀត ហើយក្នុងនេះក៏មានលោក សម តារា ម្នាក់ផងដែរ ដែលតារាប្រុសទាំងអស់នេះ សុទ្ធសឹងតែជាតួឯកប្រុសដ៏ល្បីល្បាញ មានទេពកោសល្យ និង ការសម្តែងធ្វើឱ្យមហាជនជនចងចាំមិនភ្លេច ។

ដោយឡែកបន្ទាប់ពីវិស័យសម្តែងភាពយន្តខ្មែរបានធ្លាក់ចុះខ្លាំងកាលពីជំនាន់ឆ្នាំ ២០០០ នោះ បានធ្វើឱ្យទីផ្សាររបស់តារាសម្តែងខាងលើស្ងប់ស្ងាត់ ដែលធ្វើឱ្យតារាប្រុសខ្លះបង្ខំចិត្តដើរចេញពីវិស័យសិល្បៈ ទៅប្រកបអាជីពផ្សេង និង ខ្លះទៀតក៏បានសម្រេចចិត្តចេញទៅរស់នៅក្រៅប្រទេសដើម្បីបង្កើតជីវភាពថ្មី ក្នុងនោះក៏មានលោក សម តារា ម្នាក់ផងដែរ ។

លោក សម តារា បានសម្រេចចិត្តចេញពីវិស័យសិល្បៈ លែងរវីរវល់នឹងការងារមុខកាមេរ៉ាថតប្រមាណជា ២០ ឆ្នាំមកហើយ ដែលប្រការនេះបានធ្វើឱ្យទស្សនិកជនមួយចំនួនយល់ថា លោកទំនងជាចេញទៅរស់នៅបរទេសដូចមិត្តរួមជំនាន់មួយចំនួន ដូចជា លោក ខៃ ប្រសិទ្ធ ជាដើម ប៉ុន្តែលោកមិនបានចេញទៅណាឆ្ងាយពីទឹកដីកំណើតឡើយ ផ្ទុយទៅវិញលោកងាក់មកបម្រើជាតិដោយបានក្លាយជាឧត្តមសេនីយ៍ឯកផ្កាយ ៤ មួយរូប ។

បច្ចុប្បន្នអតីតតារាភាពយន្ត លោក សម តារា ត្រូវបានគេដឹងថា មានតួនាទីជានាយឧត្តមសេនីយ៍ឯក (ផ្កាយ ៤) ហើយត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ជាក់ស្ដែងចំពោះជីវិតអាពាហ៍ពិពាហ៍វិញ លោក សម តារា ត្រូវបានគេដឹងដែរថាបានរៀបអាពាហ៍ពិពាហ៍ជាមួយក្មួយស្រីរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន និង ចាប់ពីពេលនោះលោកក៏បានបញ្ចប់ការងារសិល្បៈតែម្តង ។

គួរឱ្យដឹងដែរថា លោក សម តារា ធ្លាប់ជាតួកុនខ្មែរល្បីណាស់កាលពីជំនាន់ឆ្នាំ ៨០-៩០ ដែលមានរូបរាងសង្ហា មុខស្រទន់មានមន្តស្នេហ៍ ក្នុងនោះមានភាពយន្តជាច្រើនដែលលោកបានចូលរួមសម្តែង តួយ៉ាងដូចជារឿង «បិសាចក្រមុំ» ជាដើមសុទ្ធតែទទួលបានការគាំទ្រខ្ពស់ ។ យ៉ាងណាមិញ ដោយសារពេលវេលាចេះតែកន្លងផុត លោក សម តារា បានប្រែប្រួលរូបរាងខុសពីមុនឆ្ងាយ ដែលទស្សនិកភាគច្រើនអាចមើលលោកមិនស្គាល់ក្នុងពេលបច្ចុប្បន្ននេះ ៕