ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវទំនប់សណ្ដស្ទឹង បានប្រទះឃើញសពបុរសម្នាក់ ជាប់មងរបស់ប្រជាពលរដ្ឋ ដែលដាក់យកត្រីទៅធ្វើម្ហូប ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងដឹង៧និង០០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចក្នុងស្ទឹងព្រែកត្នោតចម្ងាយ៣០០ម៉ែត្រខាងជើងស្ពានបាក់ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។
សពជនរងគ្រោះមានឈ្មោះ ភួង បញ្ញា ភេទប្រុសអាយុ២៧ឆ្នាំ(មនុស្សមានជំងឺសរសៃប្រាសាទលេបថ្នាំជាប្រចាំ)។ មានទីលំនៅ ភូមិតំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
បើតាមសំដីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ស្រាប់តែឃើញសពអណ្ដែតទឹកហើយ ក៏រាយការណ៍សមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌដង្កោបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានរាយការណ៍សមត្ថកិច្ចជំនាញកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
យោងតាមការអះអាងពីឈ្មោះភួង រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅ ត្រូវជាប្អូនបង្កើតសពបានឲ្យដឹងថា កន្លងមករយៈពេល២ឆ្នាំហើយដែលជនរងគ្រោះមានជំងឺសរសៃប្រាសាទប្រចាំកាយ ហើយប៉ុន្មានថ្ងៃមុន បានសុំអ្នកផ្ទះមកលេងជីដូននៅកន្ទួតសៀមរាប ស្រុកកណ្ដាលស្ទឹងហើយក៏បាត់ខ្លួនរហូតដឹងដំណឹងថាមានសពអណ្ដែតទឹកនៅទីតាំងខាងលើពេលមកពិនិត្យទើបស្គាល់ជាបងរបស់ខ្លួន។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គឺជនរងគ្រោះស្លាប់បណ្ដាលមកពីលង់ទឹកពិតប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕