ប្រទះឃើញ​សព​បុរស​ម្នាក់ ដែល​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ ជិះ​ម៉ូតូ​កង់​៣​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ

ភ្នំពេញ ​៖ សព​បុរស​ម្នាក់ ដែលសម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី វេលា យប់​ថ្ងៃទី​០៦ ខែ មករា ឆ្នាំ ២០២១ បន្ទាប់ពី​មានទំនាស់​គ្នា ក្នុង​គ្រួសារ បាន​អណ្តែត​ឡើង ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃទី​០៨ ខែ មករា ឆ្នាំ ២០២១ នេះ នៅ​ចំណុច មុខ ផ្សារ​រាត្រី ក្នុង ខណ្ឌដូនពេញ ។​

បុរស​ដែល គិត​ខ្លី ឈ្មោះ សំ បញ្ញា អាយុ ២៤​ឆ្នាំ មុខ របរ​រត់​ម៉ូតូ​កង់​៣ មាន​លំនៅ ផ្ទះជួល ក្នុងភូមិ ព្រែក តា​គង់ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​និង​មាន​ស្រុកកំណើត​ភូមិ ព្រៃ តា​បេស ឃុំ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។​

តាម​ព័ត៌មាន​អោយដឹងថា បន្ទប់​ពី​ទន្ទឹង​រង់ចាំ អស់​រយៈពេល​២​ថ្ងៃ សព​បុរស​រូបនោះ ​បាន​ផុស​អណ្តែត​ឡើង នៅ​ទន្ទឹម​ផែ​អណ្តែត មុខ ផ្សារ​រាត្រី ហើយ ត្រូវបាន​ក្រុមគ្រួសារ​បាន​ជួល ទូក​អ្នកនេសាទ អូស ទៅ ដាក់​ច្រាំងទន្លេ​ផ្នែក​ខាងកើត​ដើម្បី ស្រង់​ឡើង យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​។​

គួរ​បញ្ជាក់ថា បុរស​មាន​វិបត្តិ​រូបនោះ បាន​ជិះ​ម៉ូតូ​កង់​៣​មួយគ្រឿង បានធ្វើ​ដំណើរ ទៅ​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៥០​នាទី យប់​ថ្ងៃ ទី​០៦ ខែ មករា​ឆ្នាំ ២០២១​។​ បន្ទាប់ពី​លោត​សម្លាប់ខ្លួន ក៏បាន​លិច​បាត់​នៅក្នុង​ទន្លេ ហើយ​បាន​បន្សល់ទុក ម៉ូតូ​កង់​៣ មួយគ្រឿង​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​១HJ.៨៤៩៨ ព្រមទាំង​ស្បែកជើង មួយគូ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ស្រះចក ខណ្ឌដូនពេញ យកទៅ​រក្សា​ទុក​។​

តាម​ព័ត៌មាន​អោយដឹងថា នៅ​ថ្ងៃ​មុនពេល​កើតហេតុ​ជនរងគ្រោះ ព្រមទាំង​ភរិយា ក៏បាន​ជិះ​ម៉ូតូ​កង់​ចេញពីផ្ទះ ទៅផ្ទះ​បងប្រុស ឈ្មោះ សំ ឧ​ត្ត​ម នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដើម្បី ពិភាក្សា រៀបចំ​ធ្វើ​បុណ្យខួប​៣​ឆ្នាំ របស់​ម្តាយ។ ​បន្ទាប់ពី ពិភាក្សា​រួច នៅវេលា​យប់ ក៏​បានរៀបចំ​បាយ​ជុំគ្នា និង​ផឹក​ផងដែរ។​

តាម​ព័ត៌មាន​ពី​បងប្រុស អោយដឹងថា ខ​ណៈ​ពេលដែល​ផឹក​ស្រ​វឹង ក៏​មានទំនាស់​គ្នា ជាមួយ​ ប្រពន្ធ ហើយ​ប្អូន ប្រុស​ក៏បាន​ជិះ​ម៉ូតូ​កង់​៣ មក​លោតទឹក​សម្លាប់ខ្លួន ក្រោយមក​ទើប​សមត្ថកិច្ច​ទូរសព្ទ​ប្រាប់​ទើប​ដឹង​។ ​បន្ទាប់ពី​លោតទឹក​សម្លាប់ខ្លួន អស់​រយៈពេល ២​ថ្ងៃ សព​ក៏បាន​អណ្តែត​ឡើង ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​៕​