បន្ទាយមានជ័យ ៖ បុរសពិការជើងទាំងសងខាង ម្នាក់ បានដាក់ស្លាកលក់ទឹកលើចិញ្ចឹមផ្លូវ ក្នុង ១ដបតម្លៃ១០០០រៀល ដើម្បីយកលុយទៅចិញ្ចឹមគ្រួសារ ដែលមានជីវភាពខ្វះខាត និងមានកូននៅក្នុងបន្ទុកចំនួន៦នាក់ ថែមទៀតផង។
លោក ម៉ៅ រ៉ូ ជនពិការជើងរស់នៅក្នុងភូមិម៉ក់ហ៊ឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ៖ ដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាត បានជាដាក់ស្លាកលក់ទឹក បារី ប្រេងក្រឡា ដែកកេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវ៣០ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្នុងមួយថ្ងៃ អាចរកប្រាក់ចំណូលបានពី១០,០០០រៀល ទៅ២០,០០០រៀល គ្រាន់ដោះស្រាយជីវភាព។
លោកបញ្ជាក់ថា មូលហេតុ ដែលលោកពិការជើងទាំងសងខាងនេះ ដោយសារមានជំងឺបន្ទាប់ពីចាក់ថ្នាំក៏ស្វិតជើងតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ រាល់ថ្ងៃក្រុមគ្រួសាររបស់លោកមានជីវភាពខ្វះខាតណាស់ ទោះជីវភាពខ្វះខាតយ៉ាងណាលោកសម្រេចចិត្តមិនលើកដៃសុំលុយគេនោះទេ ដោយសារលោកធ្លាប់ឈឺចាប់ នៅពេលដែលលោកបានចំណាកស្រុកសុំលុយគេនៅប្រទេសថៃ កាលពី៦ទៅ៧ឆ្នាំមុន ត្រូវបានជនជាតិថៃជេរប្រមាថ ហើយប្តឹងតម្រួតចាប់ជាប់ពន្ធនាគារយៈពេល៦ខែ។
ម្យ៉ាងវិញទៀតកូនរបស់លោកកាន់តែធំៗដឹកក្តីខ្លះៗហើយនោះ ខ្លាចពួកគាត់ខ្មាសគេ និងដើម្បីធ្វើជាគំរូល្អដល់កូនៗ និងចង់បង្រៀនកូនឲ្យចេះតស៊ូក្នុងជីវិតផងនោះ ទើបសម្រេចចិត្តប្រកបមុខរបរវិញមិនសុំលុយគេឡើយ។ ដោយប្រាក់ចំណូលបន្តិចបន្តួចបានមកពីការលក់ទឹកមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ នៅថ្ងៃខាងមុខ លោក ម៉ៅ រ៉ូ ចង់ប្រកបរបរកសិកម្មមួយជាលក្ខណៈគ្រួសារ គឺចិញ្ចឹមត្រី និងមាន់ នៅផ្ទះរបស់ខ្លួន លើផ្ទៃដី១៥ម៉ែត្រ គុណ៦០ម៉ែត្រ ដែលអាជ្ញាធរបានឲ្យលោករស់នៅបច្ចុប្បន្ននេះ។ លោកបានអំពាវនាវ ដល់អាជ្ញាធរ សប្បុរសជន ជួយផ្តល់ជាសម្ភារកសិកម្ម ពូជត្រី និងមាន់ ជាដើមទុន ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ៕