ខេត្តរតនគិរី ៖ ប្រភពបានលើកឡើងថា សែស្រឡាយមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ដែលទើបឡើងតួនាទីថ្មីតាមជើងខោ ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានល្បួងលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី រហូតបានសម្រេចនោះ ឥឡូវឮដំណឹងថា បានដំណើរការចូលដល់ដៃព្រះរាជអាជ្ញាហើយ។
បើយោងតាមការស្រាវជ្រាវស៊ើបអង្កេតករណីរំលោភសេពសន្ថវៈនេះ គឺដោយមានពាក្យបណ្តឹងរបស់ក្មេងរងគ្រោះ ឈ្មោះ ម.ល កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ រឿងហេតុ នៃពាក្យបណ្តឹងបានរាបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៨;៣០នាទីយប់ ឈ្មោះ មេសា ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានទូរស័ព្ទបបួលក្មេងស្រី រងគ្រោះ ម.ល ទៅញាំអីនៅហាងម្លិៈ៧៧ ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី ហើយឈ្មោះ ម.ល នឹងឈ្មោះ ស្រី នាង ជាម្តាយមីង ក៏បានទៅជាមួយគ្នាផងដែរ ហើយ មីងនិងក្មួយបានជិះម៉ូតូឌុបគ្នាទៅហាងម្លិៈ៧៧។ លុះមានការហូបចុកនៅហាងម្លិ:៧៧រួចហើយប្រហែលជាម៉ោង៩;៣០នាទីយប់ ឈ្មោះមេសា ក៏បានហៅក្មេងស្រីរងគ្រោះឡើងជិះឡានរបស់ខ្លួន ដោយបបួលថា ទៅហូបបង្អែម ប៉ុន្តែជនកំហូចឈ្មោះមេសា នេះមិនបានដឹកក្មេងរងគ្រោះទៅហូបបង្អែមទេ គឺឈ្មោះ មេសា នេះ បានដឹកក្មេងស្រីរងគ្រោះទៅកាន់ផ្ទះសំណាក់មួយកន្លែងនៅក្នុងក្រុងបានលុងតែម្តង ដើម្បីបំពេញតណ្ហារបស់ខ្លួន ។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ នៃបណ្តឹងរបស់ក្មេងស្រីរងគ្រោះ អោយដឹងថា នៅពេលទៅដល់ផ្ទះសំណាក់ក្មេងស្រីរងគ្រោះមិនបានចុះពីលើឡានរបស់ជនកំហូច ឈ្មោះ មេសា នោះទេ ដោយឈ្មោះ មេសា នោះដើរចូលទៅបន្ទប់ផ្ទះសំណាក់មុន តែមិនឃើញក្មេងស្រីរងគ្រោះនោះចូលទៅតាមខ្លួន ជនកំហូចរូបនេះ ក៏បានដើរចេញមកក្រៅវិញទាញដៃក្មេងស្រីនោះ ចូលទៅក្នុងបន្ទប់ រហូតប្រព្រឹត្តបានសម្រេច។
ដោយឡែកក្នុងរឿងនេះដែរត្រូវបានប្រភពពីមន្ត្រីនគរបាលដែលស្រលាញ់ភាពយុត្តិធម៌លួចបង្ហើបអោយដឹងថា ក្នុងរឿងនេះ ដោយមានការចរចារមិនក្រោមពីបីដង ពីជនសង្ស័យ រវាងក្រុមគ្រួសារក្មេងស្រីរងគ្រោះ ព្រមទាំងមានការសម្របសម្រួលពី មន្ត្រីនគរបាលថ្នាក់ធំគ្រាន់បើក្នុងស្នងការផងនោះ ទើបដោះស្រាយក្រៅប្រព័ន្ធច្បាប់ ដើម្បីបង់លុយជាការបញ្ចប់រឿង។ ក្នុងគោលបំណងលាក់បាំងខ្លាចព័ត៌មាននេះលេចឮចេញទៅក្រៅ ធ្វើអោយបាត់បង់កិត្តិយស មានទោសអស់តួនាទី អស់ការងារ របស់ជនខិលខូចឈ្មោះ ទួន មេសា នេះ។
ប៉ុន្តែឥឡូវរឿងនេះពិតជាទេវតាមានភ្នែកមែន គឺបានបែកធ្លាយដឹងដល់ ស្ថាប័នច្បាប់ហើយ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចេញដីកាអោយផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ បញ្ជូនសំណុំរឿងមកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តនិតិវិធី ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំនេះ។
ដោយជនសង្ស័យឈ្មោះ មេសា មានតួរនាទីជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ហើយតួនាទីជានាយប៉ុស្តិ៍ទៀត ។ ដូច្នេះក្នុងរឿងនេះ គឺជាព័ត៌មានក្តៅមួយ នៅដើមឆ្នាំ២០២១ ដែលមជ្ឈដ្ឋានទូទៅ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តរតនគិរី ចង់ឃើញស្ថាប័នច្បាប់មានវិធានការប្រកបដោយយុត្តិធម៌ដាក់ទោសទណ្ឌទៅលើជនកំហូចដែលបានប្រព្រឹត្តនូវទង្វើរដែលសង្គមស្អប់ខ្ពើមមួយនេះ។ នៅក្នុងសំណុំរឿងមួយនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងលើកយកមកផ្សាយជូនជ្រាបបន្តទៀត ប្រសិនជាមានការវិវត្តនៅពេលក្រោយ៕