ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមករានេះ ក្រុមគ្រួសារជនរងគ្រោះ បានរកឃើញសពសាច់ញាតិ ក្រោយពេលបាត់ខ្លួន ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៧ មករា នៅផ្លូវ៥០ម៉ែត្រ ដោយរថយន្ដព្រូស បានបុកម៉ូតូធ្លាក់ចូលទឹក ហើយបណ្ដាលឱ្យមានអ្នករបួសធ្ងន់ម្នាក់ និងបាត់មនុស្សម្នាក់។
សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះព្យាបាលនៅគ្លីនិក ស៊ាងម៉ារី។
ចំណែក រថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដ និងម៉ូតូ បានបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។ ពេលទៅដល់ចំណុចកើតហេតុ រថយន្ដក៏បានបុកម៉ូតូចំពីក្រោយ បណ្ដាលអោយបោកដួលតែម្ដង ហើយខ្ទាតបុរសម្នាក់មកលើដី និងម្នាក់ទៀតធ្លាក់ចូលទឹក(ជនរងគ្រោះដែលស្លាប់ និងមិនដឹងថាធ្លាក់ចូលទឹកពេលកើតហេតុភ្លាម)។
ចំពោះមូលហេតុ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីភាគីរថយន្ដ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ សម្ភារៈខូចខាត ក្នុងហេតុការណ៍ មានរថយន្ត និងម៉ូតូបានរងការខូចខាត។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ខណៈជននង្ក ត្រូវបានឃាត់ខ្លួន។ ចំណែកឯសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕