អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​កាប់​ដើមឈើ​ដែលមាន​អាយុប្រមាណ​ជាង៣០០​ឆ្នាំ នៅ​សួន​មុខ​មន្ទីរពេទ្យ​អង្គឌួង នៅ​សប្ដាហ៍​ក្រោយ

ភ្នំពេញ​៖ ដើមឈើ​ធំៗ​ជាច្រើន​ដើម​នៅលើ​សួន​មុខ​មន្ទីរពេទ្យ​អង្គឌួង ស្ថិតក្នុង​ខណ្ឌដូនពេញ​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ ចំនួន​០៣​ដើម គ្រោង​កាប់​យកចេញ នៅ​សប្តាហ៍​ក្រោយនេះ ដោយសារ​តែ​ដើមឈើ​ទាំង​០៣​ដើម​នោះ​ពុក​គល់ ប្រហោង​ក្នុង ទុក​យូរ​ទៅ​ នឹងមាន​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ដែរ​ដំណើរ​តាម​វិថី​នោះ​។​

លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​០៨ មករា​ឆ្នាំ​២០២១​នេះ​ថា ដើមឈើ​ធំៗ​នៅ​សួន​មុខ​ពេទ្យ​ព្រះអង្គ​ឌួង​នេះ មាន​ចំនួន​ប្រមាណ​៥០​ដើម​ធំៗ និង​មាន​អាយុកាល​ប្រមាណ​ជាជាង​៣០០​ឆ្នាំ​មកហើយ​។ ក្នុងនោះ​ដើមឈើ​ធំៗ​ចំនួន​០៣​ដើម ត្រូវបាន​អាជ្ញាធរ​រាជធានី ដោយមាន​ការឯកភាព​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ គ្រោង​កាប់​យកចេញ​នៅ​សប្តាហ៍​ក្រោយនេះ ដោយសារតែ​ដើមឈើ​ទាំង​០៣​ដើម​នោះ ពុក​គល់ ប្រហោង​ក្នុង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​។​

​ក្រោយពី​កាប់​យកចេញ​ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​។ ចំណែក​ដើមឈើ​ដែល​នៅសល់ ក្រៅពី​បី​ដើម​នេះ អង្គភាព​របស់​លោក​នឹង​កាត់​គ្រី​(​លះ​មែក​ចេញ​)​ផងដែរ ដើម្បី​កាត់បន្ថយ​ទម្ងន់​ដើមឈើ ហើយក៏​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​សោភ័ណភាព​ស្រស់បំព្រង​ផងដែរ​៕​