គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​សោះ​ លោក​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ​ដកកាំភ្លើង​គំរាម​យុវជន​ម្នាក់

ភ្នំពេញ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​​កើត​ជា​ជម្លោះ ​រហូត​លោក​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ​ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់ ផ្អើល​ម្ដុំ​ផ្សារ​ធំ​ថ្មី ​​​​​សង្កាត់​ផ្សារ​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​០៤៖៣០​នាទី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១។

​បើ​តាម​ការ​បញ្ជាក់​ពី​បុរស​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ក្រុមការងារ ដែល​ផ្សាយ​ផ្ទាល់​ថា​មុនដំបូង​គាត់​​ឃើញ​រថយន្ត​ព្រូស​​បើកបរ ​ដោយ​បុរស​ម្នាក់​ ដែល​មាន​​កាំភ្លើង ​បាន​​បើកឡាន​ស្របគ្នា​តាម​បណ្តោយ​ផ្លូវ​៧៣ កៀន​ផ្សារ​ធំ​ថ្មី ​ហើយ​ឃើញ​រថយន្ត​ បាន​បើក​កៀរម៉ូតូ​បណ្តាល​ឲ្យ​ដួល ​ហើយ​បាន​ដក​កាំភ្លើង​ពី​ចង្កេះ រួច​​ស្រែក​ថា​ហែង​ចង់​យ៉ាងម៉េច។

ភ្លាមៗ​នោះ​ជនរងគ្រោះ​ បាន​លើក​ដៃ​សុំ​កុំ​បាញ់​គាត់​អី ហើយ​ អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​រត់​មក​ជួយ​ជនរងគ្រោះ​ ដែល​ដួល​ម៉ូតូ​បាន​បាក់ដង​កាំបិត ​និង​ត្រូវ​ត្រង់​ប្រអប់​ជើង​ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ។ បន្ទាប់មក​អ្នក​ដែល​បង្ក​នៅតែ​បន្ត​សំញែង​កាំ​ភ្លើង​នៅមុខ​សមត្ថកិច្ច​ដដែលៗ ទើប​សមត្ថកិច្ច​សុំ​ដក​ទុក​សិន ​តែ​ជន​បង្ក​ប្រគល់​អោយ​តែ​សំបក​​កាំភ្លើង ​មិន​ប្រគល់​គ្រាប់​អោយ​នោះ​ទេ ​ហើយ​បាន​ស្រែក​គំហក​ដាក់​សមត្ថកិច្ច​ថែម​ទៀតផង។

​អ្នកបង្ក​ បាន​ស្រែកប្រាប់​ក្រុមការងារ ថា​ខ្លួន​មានមុខ​ងារ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​និង​មាន​តួ​​នាទី​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ​ហើយ​ខ្លួន​បាន​ចេញពី​ផឹកស៊ីមួយកន្លែង​ ​បំណង​​បើក​រថយន្ត​មក​ផ្ទះ​របស់ខ្លួន​នៅ​ជិត​កន្លែងកើតហេតុ។

​ជា​ចុងក្រោយ​ក្រោយ​ជនរងគ្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ ក៏​មិន​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ប៉ូលិស​ទេ​ដោយ​សុំ​ត្រឹមតែ​អ្នកបង្ក​​សង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​ប៉ុ​ណ្ណោះ ​ដើម្បីបញ្ចប់រឿង៕​