ជំនាញ​ទ័ព​ពិសេស​ប្រែប្រួល​តម្រូវ​ការជួយ​ផ្នែក​សង្គ្រាម​បែប​មិន​ប្រពៃណី ដូចជា គ្រោះមហន្តរាយ និង អំពើ​ភេរវកម្ម

កំពង់ស្ពឺ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា អង្គភាព​៩១១​បានប្រែក្លាយ​ខ្លួន ពី កងពលតូច​ទៅជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ដោយ​បង្កើន​នូវ​វិសាលភាព​តួនាទី និង​ភារកិច្ច​កាន់តែ​ធំ​ជាង​មុន​។​

ម្យ៉ាងវិញទៀត​បញ្ជាការ​ដ្ឋា​ន​ទ័ព​ពិសេស​មាន​វិសាលភាព​ធំធេង​ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង ស្ថិរភាព​សង្គម​ដោយហេតុថា​ជំនាញ​ទ័ព​ពិសេស​នេះ​គឺជា​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​បរិបទ​ថ្មី​នៃ​សង្គ្រាម បែប​មិន​ប្រពៃណី​ដូចជា គ្រោះមហន្តរាយធម្មជាតិ និង​អំពើ​ភេរវកម្ម​ជាដើម​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បញ្ចុះបឋមសិលា សាងសង់​សំណង់​ប​ចេ្ច​ក​ទេស លោត​ឆត្រយោង​សម្ព​ធ​សមិទ្ធផល​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ និង ជំនាញ​ឆត្រយោង​នៅ​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៤ ខែមករា ២០២១​។ សមិទ្ធផល​នានា​ដែល​ត្រូវ​បានដាក់​សម្ពោធ​ថ្ងៃនេះ គឺ ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់ បម្រើឱ្យ​ការងារ​ហ្វឹកហ្វឺន ជំនាញ​ទ័ព​ពិសេស ដែល​ស្ថិតនៅក្នុង​លំដាប់​ការងារ អាទិភាព របស់​កងទ័ពជើងគោក​។ ស្ថានភាព​ប្រុងប្រយ័ត្ន​ពី បណ្តា​ស្ថាប័ន​-​កង ឯកភាព ទាំងអស់ បាន​ចាត់វិធានការ និង អនុវត្តបាន នូវ រាល់ វិធាន ការ សុខាភិបាល យ៉ាង ខ្ជាប់ខ្ជួន ដោយ​មិនមាន​យោធិន​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ឡើយ​។​

សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ជ្រោមជ្រែង កសាង​សមត្ថភាព​កងទ័ព ទាំង​ការកសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ ការហ្វឹកហ្វឺន និង ការធានា​ផ្សេងៗ​។ ទាំងអស់នេះ​បាន​ស្តែង​ឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោយ ឈរ លើ បុព្វ ហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​នៃ​កិច្ច​ការពារជាតិ ដើម្បី​ធានាបាន​នូវ​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។ ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ ជា សមិទ្ធ ផល នៃ នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​កើតចេញពី បិតា​ស្ថាបនិក​សន្តិភាព​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ៕​