រាជធានីភ្នំពេញ ៖ នាយទាហានថ្នាក់វរសេនីយ៍ឯកសក្តិ៥មួយរូប ដែលបម្រើការងារនៅអង្គភាពទីចាត់ការការងារព្រំដែន ត្រូវបានគេប្រទះឃើញបែកពពុះមាត់បាត់បង់ជីវិតនៅក្បែររថយន្តមួយគ្រឿងម៉ាកមែរសឺដេស ពាក់ស្លាកលេខ ខ.ម របស់ខ្លួន។ លុះដល់ពេលកម្លាំងប្រជាការពាររបស់សង្កាត់ទន្លេបាសាក់ដើរធ្វើការបោសសំអាតតាមផ្លូវ ក៏ស្រាប់តែបានឃើញបុរសរងគ្រោះផ្កាប់មុខក្បែរបង់ថ្មនៅខាងមុខពុទ្ធសាសនបណ្ឌិត្យ ហើយក៏រាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចឱ្យចុះមកមើល និងបានហៅរថយន្តសាមុយក្នុងបំណងមកដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ដោយមិនដឹងតាំងពីពេលណាមកនោះទេ និងបានបញ្ជូនសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យតែម្តង។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង ៣០ទីព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១ នៅចំណុចមុខពុទ្ធសាសនបណ្ឌិត្យ ផ្លូវរដ្ឋសភា (ក្បែររដ្ឋសភាជាតិ)ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ អ៊ូ ប៊ុនសេង អាយុ៤៧ឆ្នាំ ជានាយទាហានមានឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក(សក្តិ៥) មានតួនាទីជាជំនួយការរបស់លោក គៀង សាវុធ បម្រើការនៅអង្គភាពទីចាត់ការ ការងារព្រំដែន ស្នាក់នៅផ្ទះលេខ ១០ នៅភូមិព្រែកតាឡុង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពខាងលើបានបន្តថា មុនពេលកើតហេតុ ក្រុមប្រជាការពាររបស់សង្កាត់ទន្លេបាសាក់បាននាំគ្នាដើរធ្វើការបោសសំអាតនៅតាមផ្លូវសាធារណៈដូចសព្វមួយដង លុះមកដល់ចំណុចខាងមុខខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ ក៏បានប្រទះឃើញបុរសម្នាក់បែកពពុះមាត់ផ្កាប់នៅក្បែរបង់ថ្មមួយក្រោមដើមក្ងោក លើចិញ្ចើមផ្លូវ និងមានរថយន្តម៉ាកមែរសឺដេស ពណ៌ស ពាក់ស្លាកលេខ ខម០២ ២-៧២៥៨ មួយគ្រឿងចតនៅលើចិញ្ចើមផ្លូវក្បែរបុរសរងគ្រោះផងដែរ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលដែលក្រុមប្រជាការពារសង្កាត់បានឃើញហេតុការណ៍ខាងលើភ្លាមនោះ ក៏បានរាយការណ៍មកប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ ទន្លេបាសាក់ឱ្យចុះមកមើល ដោយនឹកស្មានតែជនរងគ្រោះនៅមានជីវិតនោះក៏បានហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យដែរ ប៉ុន្តែពេលដែលមកដល់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការពិនិត្យនិងប្រាប់ថា «ជនរងគ្រោះបាត់បង់ជីវិតទៅហើយ»។
តាមប្រភពដដែលបានបន្តទៀតថា នៅពេលដែលក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា បុរសរងគ្រោះបានបាត់បង់ជីវិតទៅហើយនោះ កម្លាំងមានសមត្ថកិច្ចក៏បានបង្កើតជាគណៈកម្មាធិការមួយក្រុម ដោយមានការចូលរួមអំពីសំណាក់កម្លាំង នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនសពទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច័យអោយដឹងអំពីមូលហេតុនៃការបាត់បង់ជីវិតរបស់ជនរងគ្រោះ និងស្រាវជ្រាវរកក្រុមគ្រួសារផងដែរ។
បើតាមការបញ្ជាក់អំពីស្ត្រីម្នាក់ឈ្មោះ ឌី សាមី អាយុ២០ឆ្នាំ ត្រូវជាប្រពន្ធរបស់នាយទាហានរងគ្រោះបានប្រាប់ឱ្យដឹងថា ប្តីរបស់គាត់មានជំងឺទឹកនោមប្រៃអស់រយៈពេលជាង ៣ឆ្នាំមកហើយ ហើយបើករថយន្តចេញពីផ្ទះដោយប្រាប់ថា ទៅកន្លែងធ្វើការនៅ DN និងប្រាប់ទៀតថា ចាំត្រឡប់មកវិញ ចាំមកទទួលយកកូនស្រី ដើម្បីឱ្យជួយជូនទៅលាងឈាមនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក៏បាត់រហូត លុះដល់វេលាម៉ោងកើតហេតុ ទើបមិត្តភក្តិទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់បានបាត់បង់ជីវិតនៅលើចិញ្ចើមផ្លូវមុខពុទ្ធសាសនបណ្ឌិតបាត់ទៅហើយ ទើបនាំគ្នារូតរះមកមើល។
ក្រោយពីធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច័យទៅលើសពជនរងគ្រោះរួច បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារតែជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និងជាជំងឺប្រចាំកាយប៉ុណ្ណោះ ទើបបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម៕