ភ្នំពេញ ៖ យុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលជាន់ទី 3 បណ្តាលអោយស្លាប់បាត់បង់ជីវិតដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។
ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 2រសៀលថ្ងៃទី17ខែមករាឆ្នាំ2021នេះ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យុវជនដែលគិតខ្លីឈ្មោះម៉ា ត្រា អាយុ 21 ឆ្នាំជានិស្សិតឆ្នាំទី 4 ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ36កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
និស្សិតរូបនោះបានចងកសម្លាប់ខ្លួននិងក្រមាជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹកហើយបង្កឱ្យមានការភ្ញាក់ផ្អើលខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឲ្យមកមើល។
ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុអ្វីឡើយគេមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯងដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្តួច។
តាមម្ចាស់ផ្ទះជួលបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា 12 ថ្ងៃត្រង់ថ្ងៃទី 17 នេះស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើលបន្ទប់កូនរបស់គាត់ដោយសារគាត់តេមិនចូលបិទទូរស័ព្ទក៍បានប្រទះឃើញបន្ទប់បិទទ្វារហើយនាំគ្នាដោះកញ្ចក់មើលឃើញសពចងកក្នុងបន្ទប់ទឹក។
តាមព័ត៌មានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី 16ខែមករា និស្សិតរូបនោះទូរស័ព្ទទៅម្ដាយ
ទំនងជាខឹងម្តាយស្ដីបន្ទោស ក៏បានបិទទូរស័ព្ទមិននឹកស្មានចងកបែបនេះ។បន្ទាប់ភ្ញាក់ផ្អើលម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ។
នៅក្នុងបន្ទប់សមត្ថកិច្ចរកឃើញមានសំបុត្រមួយច្បាប់ដែលយុវជនរូបនោះសរសេរជាភាសាអង់គ្លេសផ្ញើទុកជូនម្ដាយ។សពត្រូវបានក្រុមគ្រួសារនាំទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕