ការ​ប្រើប្រាស់​បង្ក​​ឱ្យមាន​សំឡេង​រំខាន​ខ្លាំង​ដោយ​យានយន្ដ​គ្រប់​ប្រភេទ នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់

រាជធានី​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ ដោយ​ណែនាំ​ឱ្យ​អាជ្ញាធរ​លុបបំបាត់​ចំពោះ​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​។

​តាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កម្រិត​សំឡេង​ដែល​បាន​កំណត់ដោយ​ច្បាប់ មាន​ដូចខាងក្រោម​៖

​ចំពោះ​ម៉ូតូ​ស៊ីឡាំង ក្រោម​១២៥​សេ​សេ មិនត្រូវ​ឱ្យ​សំឡេង​លើសពី ៨៥ dB(A)​។ ចំណែក​ស៊ីឡាំង​លើសពី​១២៥​សេ​សេ មិនត្រូវ​ឱ្យលើស​ពី ៩០ dB(A)​ឡើយ​។

​ចំពោះ​រថយន្ត​គ្រួសារ និង​រថយន្ត​ដែលមាន​ទម្ងន់​សរុប​អតិបរមា​មិន​លើសពី​៣,៥​តោន មិនត្រូវ​ឱ្យលើស​ពី 103dB(A)​ទេ​។ រថយន្ត​ដែលមាន​ទម្ងន់​សរុប​អតិបរមា​លើសពី ៣,៥​តោន និង​កម្លាំង​ម៉ាស៊ីន​មិន​លើស ១៥០KW មិនត្រូវ​ឱ្យលើស​ពី ១០៥ dB(A) ផងដែរ​។ ដោយឡែក រថយន្ត​ដែលមាន​ទម្ងន់​សរុប​អតិបរមា​លើសពី ៣,៥​តោន និង​មាន​កម្លាំង​ម៉ា​ស៊ី​លើសពី ១៥០xw មិនត្រូវ​ឱ្យលើស​ពី ១០៧ dB(A) ឡើយ​។ រីឯ រថយន្តស្ទូច និង​រថយន្ត​បំពាក់​ឧបករណ៍​ពិសេស មិនត្រូវ​ឱ្យលើស​ពី ១១០ dB(A) នោះទេ​។

​ក្នុងករណី​បន្ត​លបលួច​កែច្នៃ អាជ្ញាធរ​នឹង​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ចំពោះ​បុគ្គល​ដែល​មិន​អនុវត្តតាម​សេចក្ដីណែនាំ​នេះ៕