ខណ្ឌដូនពេញ និង ខណ្ឌទួលគោក រួមគ្នានាំយកអំណោយ របស់ សម្តេចតេជោ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ

ភ្នំពេញ៖ ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានអញ្ជើញរួមគ្នានាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក រស់នៅសហគមន៍ផ្លូវរថភ្លើង ។

កម្មវិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណវត្តនាគវ័ន្តដែលមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមប្រមាណជា ១២៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករចំនួន ០១បាវ ស្មើរនឹង ២៥គីឡូក្រាម, រួមជាមួយថវិកាចំនួន ២០,០០០រៀល ។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈអធិបតី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និង សួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសសូមថែរក្សាអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ និង ឧស្សាហ៍លាងដៃជាមួយអាលកុល ឬសាប៊ូ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ផងដែរ ។