រថយន្តមួយគ្រឿងបើកបរយ៉ាងលឿនបុកខឿនទ្រូងផ្លូវដែលកំពុងស្ថាបនាបណ្ដាលឱ្យក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាលចំនួនពីរនាក់

បាត់ដំបង៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន ២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ក្រឡាប់ឡាន កាលពីព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩:៤០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថាមានរថយន្តម៉ាកសាំងយ៉ុង (SANGYUNG )ពណ៍ស ស៊េរី១៩៩៦ ពាក់ផ្លាកលេខភ្នំពេញ(2Y-9520) បើកពីទិសខាងជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុក
ខឿនទ្រូងផ្លូវនិងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន ០២នាក់ ស្រី០១នាក់ ។

អ្នកបើករថយន្តឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់)និងអ្នករួមដំណើរឈ្មោះ ញ៉ែម ផាត ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) ។

បច្ចុប្បន្ន កម្លាំងជំនាញស្រុកបានយករថយន្តសង្គ្រោះដឹកជនរងគ្រោះទាំងពីរនាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង បន្ទាប់មកបានវាស់វែង និងដកហូតសម្ភារតាងបង្ក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល តាមការស្នើសុំរបស់ក្រុមហ៊ុនផ្លូវ ដើម្បីរងចាំការដោះស្រាយ៕