តោះ​ មក​ស្គាល់​ «កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ» ​​​សហគមន៍​អេកូ​ទេសចរណ៍​ថ្មី​មួយ​របស់​ខេត្ត​ក្រចេះ

ក្រចេះ​ ៖ ​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ គឺជា​សហគមន៍​អេកូ​ទេស​រណ៍​ថ្មី​មួយ​របស់​ខេត្តក្រចេះ ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០២០​នេះ ដោយមាន​ការជួយជ្រោមជ្រែង​ពី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ និង​អង្គការ​WWF​។​

​សហគមន៍​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ចម្ងាយ​ចម្ងាយ ១៧​គ​.​ម ពី​ខេត្តក្រចេះ​។ សហគមន៍​នេះ​សំបូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍​បែប​ធម្មជាតិ​ជា​ច្រើន​ដែល​រួមមាន​៖ ព្រៃឈើ សត្វ​ស្លាប កោះ សត្វព្រៃ​(​សត្វ​ក្តាន់​) ទេសភាព​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ សូម្បីតែ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​ក៏​ស្ថិតនៅ​តំបន់​នេះ​ផងដែរ​។

​ដើម្បី​ទៅដល់​ទីនោះ ទេសចរ​ត្រូវ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​៣៧៧ ចម្ងាយ​ប្រមាណ​៧​គ​.​ម ត្រង់ចំណុច​កំពង់ដរ​(​ឬ​ស្សី​ចារ​-​កែង​) រួច​ត្រូវ​បន្តដំណើរ​តាម​សាឡាង​នោះ​ប្រមាណ​ជា​១៥ នាទី​នឹង​ទៅដល់​សហគមន៍​នេះ​។​

នៅ​ទីនោះ ទេសចរ​ ​អាច​ជិះទូក​មើល​ទេសភាព​ព្រៃ​លិច​ទឹក ទស្សនា​សត្វ​ស្លាប សម្រាកលំហែរ ងូតទឹក​កម្សាន្ត និង​ពិសា​អាហារ​នៅតាម​កោះ​ស្អាត​ជាច្រើន​។ សហគមន៍​ក៏មាន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ និង​ស្នាក់​នៅតាម​ផ្ទះ​ស្នាក់​សហគមន៍​នៅ​ទីនោះ​ផងដែរ​។​

​ការ​មក​កំសាន្ត​របស់លោក​អ្នកនឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជា​សហគមន៍​មូលដ្ឋាន​ពី​ការដែល​ធ្លាប់តែ​ទទួលបាន​ចំណូល​ពី​ការធ្វើ​ស្រែចម្ការ និង​របរ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ធាន​ធាន​ធម្មជាតិ ងាក​មក​ទទួល​ចំណូល​ពីរ​ការផ្តល់សេវា​កម្ម​ទេសចរណ៍ កាត់បន្ថយ​ការ​ចំណាកស្រុក ចូលរួម​អភិរក្ស​ធនធាន​ក្នុង​តំបន់ និង​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​ប្រសើរ​ជាង​មុន​ផងដែរ៕