ព្រឹក​នេះ​ រដ្ឋបាល​ខណ្ឌ​ដូន​ពេញ​​ ​​ឃាត់ខ្លួន អ្នក​មក​បន្ទោបង់​នៅ​តាម​​ទី​សាធារណៈ​​ចំនួន​១៣​នាក់ យក​មក​អប់រំ​ណែនាំ

ថ្ងៃ​អង្គារ ៦​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយកម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ក្នុង​មូលដ្ឋាន ក៏បាន​ជួប​ក្រុម​ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ ចំនួន ១៣​នាក់ បាន​ឈប់​យាន្ត​ជំនះ របស់ខ្លួន ហើយ​ទៅ​បន្ទោបង់ នៅតាម​ដើមឈើ តាម​សួនច្បារ តាម​ទីសាធារណៈ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង បង្កអោយមាន​ក្លិនឆ្អេះ​ឆ្អាប ដល់​អ្នកធ្វើដំណើរ -​ល​- ភ្លាមៗ​នោះ កម្លាំង​យើង​ក៏បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលាខណ្ឌ​ដូនពេញ និង បាន​ឲ្យ​ពួកគាត់​ធ្វើការ​បាញ់​លាង​សំអាត​កន្លែង​ដែល​ពួកគាត់​បន្ទោបង់​រួច​ទើប​អនុញ្ញាតអោយ​ពួកគាត់​ត្រឡប់​ទៅវិញ។

រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​យក​គំរូ​តាម​ពួកគាត់ និង សូម​រក​កន្លែង បន្ទោបង់​អោយ​បាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោកអ្នក ជៀសវាង​ធ្វើតាម​ពួកគាត់ បង្ក​ភាព​អនាធិបតេយ្យ បាត់​សណ្ដាប់ធ្នាប់​ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណជន​ផង​ដែរ សូម​អរគុណ៕