អាជ្ញាធរ​ក្រុង​បាន​លុង​៖ ដើម្បី​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​បាន ពលរដ្ឋ​ត្រូវមាន​ឯកសារ​គ្រប់គ្រាន់​

រតនគិរី​៖ ប្រធាន​ភូមិបាល​ក្រុង​បាន​លុង​បាន​បញ្ជាក់ថា​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​ឯកសារ​ឱ្យបាន​គ្រប់គ្រាន់​។​

​លោក ប៊ី ជីវន្ត​រ៉ា ប្រធាន​ភូមិបាល​ក្រុង​បាន​លុង​លើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្ថិតនៅ​ក្នុងភូមិ​ថ្មដា​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​មានការ​ប្រជុំ​បើក​វេទិកា​ចុះបញ្ជី​ដីធ្លី​នៅ​សាលាសង្កាត់​បឹង​កន្សែង​កាលពី​ថ្ងៃ​១៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅ​។​

​លោក ប៊ី ជីវន្ត​រ៉ា បាន​និយាយថា «​ដើម្បី​ងាយស្រួល​ក្នុងការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​បងប្អូន​ត្រូវមាន​ឯកសារ​គ្រប់គ្រាន់​ដូចជា សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និង​សំបុត្រអាពាហ៍ពិពាហ៍​ជាដើម​»​។​

លោក​ប្រធាន​ភូមិបាល​រូបនេះ​បានបញ្ជាក់​ទៀតថា​ក្រោយ​ការវាស់វែង​កំណត់​ព្រំដី​ក្បាលដី​នីមួយៗ​រួចរាល់​ហើយ​ខាង​ជំនាញ​ត្រូវ​ប្រជុំ​គណៈកម្មការ​ដី​រដ្ឋ​ថ្នាក់ក្រុង​និង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​រួច​បិទ​ប្រកាស​រយៈពេល ១៥​ថ្ងៃ និង​ធ្វើ​របាយការណ៍​ជូនទៅ​លោក​អភិបាលខេត្ត​សម្រេច​ទើប​ខាង​មន្ទី​ដែនដី​ចេញ​ប័ណ្ណ​ជូន​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ៕