ស្ពានថ្ម​បុរាណ​អាយុ​ជិត​៩០០​ឆ្នាំ​នៅ​ខេត្តសៀមរាប ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​អប្សរា​ជួសជុល​ជា​លើកដំបូង​

ខេត្តសៀមរាប ​៖ ស្ពាន​តាអោ​ង​ឬ​តា​អុង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុងចំណោម ស្ពាន​បុរាណ ចំនួន​២៣​លើ​ដងផ្លូវ​បុរាណ​ពី​អង្គរ ទៅ​បាកាណ (​ព្រះខ័ន​កំពង់ស្វាយ​)​។ សព្វថ្ងៃ​ស្ពាន​បុរាណ​នេះ​មាន​សភាព​ទ្រុឌទ្រោម ខ្លាំង ដែល​បង្កឡើង​ពី​កត្តា​មនុស្ស​និង​ធម្មជាតិ ធ្វើឱ្យ​ផ្នែក​ជាច្រើន​របស់​ស្ពាន​បុរាណ បាន​ប្រេះ​ញែក​ចេញពី​គ្នា ហើយ​នៅ​ផ្នែក​កណ្តាល​តួ​ស្ពាន​សងខាង ថ្ម​មួយចំនួន​បាន​រលុះ​ធ្លាក់ និង​ផ្នែក​ផ្សេងទៀត កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។​

​តាម​ការបញ្ជាក់​របស់ លោក ពុទ្ធ សុទ្ធ មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​និង​ជា​ប្រធាន​គម្រោង ជួសជុល​ស្ពាន​តាអោ​ង ឱ្យដឹងថា​៖ អាជ្ញាធរ​ជាតិ​អប្សរា ផ្តើម​គម្រោង​ជួសជុល​ដំណាក់កាល​ទី​១​នេះ ចំនួន​២​ចំណុច​សំខាន់ៗ គឺ​នៅ​ជញ្ជាំង​ស្ពាន ផ្នែក​ខាងជើង ដែល​បាន​រលុះ​ធ្លាក់​និង​មាន​រហែក​ធំ​ចេញ​ក្រៅ ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​។​

​ក្រុមការងារ​នឹងធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ការជួសជុល​ថ្ម ការរៀបចំ​ពង្រឹង​ជើង​សសរថ្ម ដែល​រលុះ​ធ្លាក់​ឡើងវិញ ការ​បង្ហាប់ដី​កន្លែង​ច្រោះ នៅ​គល់ស្ពាន​ខាងលិច និង​ការរៀបចំ​បង្កាន់ដៃ នាគ​ដាក់ចូល តាម​ទីតាំង​ដើម​ឡើងវិញ​។​

​ចំពោះ​ប្រវត្តិ​និង​ចំណុច​សំខាន់ នៃ​ស្ពាន​បុរាណ​មួយ​នេះ លោក ពុទ្ធ សុទ្ធ បាន​ប្រាប់ថា​៖ ស្ពាន​តោ​អោ​ង​ឬ​តា​អុង មាន​បណ្តោយ​ប្រវែង​៧០​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន​១​។ រន្ធត្រដេវ​នីមួយៗ មាន​ទទឹង​ប្រវែង​២​ម៉ែត្រ​និង​កម្ពស់​៦​ម៉ែត្រ​។ ស្ពាន​នេះ​ធ្វើ​អំពី​ថ្មបាយក្រៀម លម្អ ដោយ​បង្កាន់ដៃ​នាគ​ក្បាល​៩ និង​មាន​ព្រះពុទ្ធ​សមាធិ នៅ​ចំ​កណ្តាល​ក្បាល​នាគ ធ្វើ​អំពី​ថ្មភក់​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ គេ​ពុំ​ដឹង​ច្បាស់​ថា វា​ចាប់ផ្តើម​កសាងឡើង ក្នុង​រាជ្យ​ណា​ទេ គឺ​គ្រាន់តែ​ដឹង​ជាទូទៅ​ថា ស្ពាន​នេះ សាង​ឡើង​នា​សម័យអង្គរ​។ ប៉ុន្តែ​បើ​មើល​លើ​ចម្លាក់​បង្កាន់ដៃ​នាគ គេ​អាច​ដឹងថា វា​ស្ថិតក្នុង​រចនាបថ​បា​យ័ន្ត (​ឆ្នាំ​១១៨១-១២២០​នៃ​គ្រិស្តសករាជ​)​។​

​សូមបញ្ជាក់ថា ស្ពាន​បុរាណ​ដែលមាន​អាយុកាល​ជិត​៩០០​ឆ្នាំនេះ បាន​ប្រារព្ធ​ពិធី​ប្រុង​ពលី​សែន​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន និង​ជោគជ័យ ក្នុងការ​ជួសជុល លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ដែលមាន លោក គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី រួម​នឹង​លោក​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និង​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ ជាច្រើន​នាក់ បាន​ចូលរួម​ឱ្យ​ពរជ័យ​ផងដែរ​។ គម្រោង​ជួសជុល ស្ពាន​បុរាណ​នេះ បាន​ប្រើ​ថវិកា​មូលនិធិ របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយនឹង​បញ្ចប់​គម្រោង នៅ​ខែមិថុនា ឆ្នាំ​២០២១៕​