ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ការហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់សម្រាប់កងទ័ព

ខេត្តកំពុងស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់)កំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោកសូមសម្តែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រទេសភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលកន្លងមកតែងបានជួយជ្រោមជ្រែង និងសហការគាំទ្រក្នុងកិច្ចការកសាងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក រាប់ទាំងការផ្តល់ទីតាំង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ជំនួយលើផ្នែកបច្ចេកទេស និងសម្ភារៈ ព្រមទាំងការធានាផ្សេងៗ និយាយជារួម និងនិយាយដោយឡែក សូមអរគុណចំពោះការចូលរួមចំណែកជួយឧបត្ថម្ភជ្រោមជ្រែង ដល់បញ្ជាការដ្ឋានអង្គរក្ស គាំទ្រដល់បុព្វហេតុ និងភារកិច្ចការពារជាតិ, ការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសកម្មភាពជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយជាច្រើន ដែលបញ្ជាការដ្ឋានអង្គរក្សបានខិតខំសម្រេចបានក្នុងពេលកន្លងមក និងតទៅអនាគត។

ទាំងអស់នេះ ពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

លោកជំរុញឲ្យបន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាជន ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំហ្វឹកហ្វឺនរៀនសូត្រប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាម រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ និងសូមបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ7 យើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ៕