កំពង់ស្ពឺ ៖ ភ្ញៀវខាងកូនកំលោះម្នាក់បានស្លាប់ និងភ្ញៀវ៥នាក់ផ្សេងទៀត បានរងរបួសក្នុងជម្លោះ នៅពិធីមង្គលការមួយរវាងភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំផឹកស៊ីរាំរែកបង្កជម្លោះវាយតប់កាប់ចាក់គ្នានៅក្នុងភូមិ។
ករណីហិង្សានេះ បានកើតឡើងនៅយប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២៖៤៥នាទី នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ ស្ថិតនៅភូមិ ធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើង រវាងក្រុមភ្ញៀវខាងកូនកំលោះ មកពីភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី និងក្រុមភ្ញៀវខាងកូនក្រមុំ រស់ភូមិឃុំកើតហេតុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបង្កទាំងសង្ខាងបានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ដោយបានយកកែវគប់គ្នាទៅវិញទៅមក បន្ទាប់មកបានចាក់គ្នាបណ្តាលអោយស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់។
ប្រភពបានឲ្យដឹងថា ខាងកូនក្រមុំរបួសស្រាល៣នាក់ ក្នុងនោះស្លាប់ម្នាក់ ទី១.ឈ្មោះ ជួន នរាជ ភេទ ប្រុស អាយុ៣០ឆ្នាំ (រងរបួស ធ្ងន់ធ្លាយពោះវៀន)ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ ហៅប៉ង់ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) ៣. ឈ្មោះ ម៉ាច វណ្ណះ ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ(របួសស្រាល) ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំងបួននាក់ នេះ រស់នៅភូមិឃុំ កើតហេតុ ។ ចំណែកខាងកូនកំលោះរបួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល) ទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)។
ករណីខាងលើនេះសមត្តកិច្ច កំពុងស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕