គ្រូសូត្រ​ធុំក្លិន​មិន​ស្រួល​ បន្ទាប់ពី​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចំប៉ា​លើក​ស្រុក​ត្រាំកក់ ឃើញ…​​

ខេត្តតាកែវ​ ៖​ ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចំប៉ា​លើក ស្ថិតនៅក្នុង​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​ជ្រួលច្របល់​ខ្សឹប​តៗ​គ្នា នៅ​គ្រា​ដែល​ឃើញ​គ្រូសូត្រ​និមន្ត​ចេញពី​វត្ត​ញឹកញាប់​ពេលយប់​ព្រលប់ ចូល​ផ្ទះ​នារី​ម្នាក់​ ហើយ​រហូត​ពេលយប់​ជ្រៅ ទើប​ត្រឡប់​ទៅ​វត្ត​វិញ។

​អ្នកភូមិ​ហៅថា​វា​ជា​ទំនាក់ទំនង​ដែល​ប្រាសចាក​ពី​ធម្ម​វិន័យ​ក្នុងនាម​ខ្លួន​ជាស​ង្ឃ​ដែល​ទំនង​ជាមាន​ស្នេហា​ជាមួយ​កូនចៅ​ប្រជាពលរដ្ឋ​នោះ​ហើយ​។​

​បើតាម​សេចក្តីរាយការណ៍​បន្តថា​លំនៅឋាន​នាង​នោះ គឺ​ស្ថិតនៅក្នុង​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​នោះដែរ គ្រាន់តែ​ខុស​ភូមិ​គ្នា​តែប៉ុណ្ណោះ ប៉ុន្តែ​នាង​ជា​កម្មករ​រោងចក្រ​ឈ្មោះ ន​. ច​។

​អ្នកភូមិ​និយាយថា គេ​ឃើញ​ព្រះ​តេជគុណ​ព្រះនាម​នាង​សិលា​បាន​និមន្ត​ចេញ​-​ចូល​ផ្ទះ​នាងក្រមុំ​ជា​នារី​កម្មករ​រោងចក្រ​នោះ​ញឹកញាប់​រហូតដល់​កាលពី​ប៉ុន្មាន​ខែ​មុន ព្រះអង្គ​ក៏បាន​សំរេច​ព្រះទ័យ​លា​ចា​សិក្ខាបទ​ហើយ​មក​ស្នាក់​នៅផ្ទះ​នាង​ជា​កម្មករ​រោងចក្រ​ដែល​គេ​អះអាងថា​ជា​គូ​កំណាន់ចិត្ត​នោះបាន​ពេល​រយៈ​២-៣ ថ្ងៃ​ក៏​ត្រឡប់​ទៅ​បួស​វិញ​។​

​ទោះបី​ទៅ​បួស​វិញ​ក៏​នៅតែ​បន្ត​មាន​ទំនាក់ទំនង​រឿង​ស្នេហា​ជាមួយ​នារី​ជា​កម្មករ​រោងចក្រ​នៅ​ដដែល​។​
​ប្រការនេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​ឧបាសក​ឧបាសិកា​ចំណុះជើងវត្ត​ចំប៉ា​លើក​ពីព្រោះថា​ប្រសិនបើ​ព្រះអង្គ​ក្នុងនាម​ជា​ព្រះ​គ្រូសូត្រ​ក្នុង​វត្ត​ចំប៉ា​លើក​មាន​ស្នេហា​ហើយ​គួរតែ​លាចាក​សិក្ខាបទ​រៀបការ​តាម​ប្រពៃណី​ជាមួយ​នាង​នោះ​ទៅ​។​

​យ៉ាងណាក៏ដោយ​ការរិះគន់​របស់​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ហាក់ដូចជា​មិនបាន​ធ្វើ​ឲ្យ​ព្រះ​គ្រូសូត្រ​វត្ត​ចំប៉ា​លើក​ភ័យខ្លាច​រហូតដល់​ត្រូវ​សឹក​នោះឡើយ​។​

​ទោះបីជា​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​យ៉ាងណាក៏ដោយ​ព្រះគ្រូ​សូត្រ​ព្រះនាម​នាង​សិលា​នៅតែ​បន្ត​មាន​វត្តមាន​ក្នុង​វត្ត​ចំប៉ា​លើក​ដដែល​។​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទ​ទួ​ច​ឲ្យ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ​មេត្តាជួយ​ពិនិត្យមើល​ករណី​ដែល​ប្រជាពលរដ្ឋ​ខ្សឹបខ្សៀវ​គ្នា​ពេញ​ស្រុក​ពេញ​ភូមិ​នេះ​ផង​។​

​ព្រះ​តេជគុណ​នាង​សិលា​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​បានទេ ទូរទស្សន៍ អន​ឡាញ​តេ​ជោ​សន្ដិភាព tpn រង់ចាំ​ធ្វើការ​បំភ្លឺ​ជានិច្ច​ពី​តេជគុណ​៕​