បុរស​ម្នាក់​ពុល​ស្លាប់​ដោយសារ​ហូប​ដង្កូវ​ដួង​

ខេត្តព្រះវិហា​៖ បុរស​ចំនួន ៤​នាក់ បាននាំគ្នា​ទៅ​កាប់​ដើមត្នោត​ងាប់ៗ រក​សត្វ​ដង្កូវ​ដួង រួច​យកមក​បំពង​ខ្លាញ់​ហូប​ជាមួយ​បាយ ស្រាប់​តែមាន​អា​ការៈពុល រាករូស ក្អួតចង្អោរ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​៣​នាក់​ទៀត ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

​ករណី​ពលរដ្ឋ​ពុល ដង្កូវ​ដួង​ស្លាប់​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​សែន​គង់ ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។ ជនរងគ្រោះ ទី​១-​ឈ្មោះ ម៉ៅ លាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ( ស្លាប់​) ។ ទី​២-​ឈ្មោះ ប៉ុយ វីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ ទី​៣-​ឈ្មោះ ឌឹ​ម សុភា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ទី​៤-​ឈ្មោះ ប្រាជ្ញ ពិសី ភេទ​ប្រុស អាយុ​៩​ឆ្នាំ ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ទាំង​៤​នាក់ បាននាំគ្នា​ទៅ​កាប់​ដើមត្នោត​ងាប់ៗ រក​ដង្កូវ​ដួង បាន​ប្រហែល​១​គីឡូក្រាម រួច​នាំគ្នា​យកទៅ​បំពង​ជាមួយ​ខ្លាញ់ ហូប​ជាមួយនឹង​បាយ​ទាំង​៤​នាក់ ។​

​ក្រោយពេល​ហូបបាយ​រួច បាន​ប្រហែលជា​២​ម៉ោង ស្រាប់​តែមាន​អាការ​ពុល​រាករូស ក្អួតចង្អោរ ហើយ​ពេលនោះ​ជនរងគ្រោះ ឈ្មោះ ប៉ុយ វីន , ឈ្មោះ ប្រាជ្ញ ពិសី និង​ឈ្មោះ លឹម សុភាព បាន​យក​ផ្លែក្រូច​ឆ្មារ​ច្របាច់​ដាក់​នឹង​ទឹក​ក្តៅ​ផឹក​ដើម្បី​បន្សាប ។​

​ដោយឡែក​ឯ​ឈ្មោះ ម៉ៅ លាន មិនបាន​ផឹកទឹក​ក្រូចឆ្មារ​បន្សាប​ដូ​ច​គេ​នោះទេ ទើប​បណ្តាល​ឲ្យ​មាន​អាការ​ពុល​ខ្លាំង ហើយ​បាន​ស្លាប់​នៅវេលា​ម៉ោង​២​និង​០០​នាទី​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅតាម​ផ្លូវ ខណៈពេល​បញ្ជូនមក​ម​ណ្ឌ​ល​សុខភាព​ចម្រើន​។​

​អាជ្ញាធរ​បញ្ជាក់ថា ក្រោយពេល​កើត​ហ​តុ សមត្ថកិច្ច​ជំនាញ​នៅ​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ ធ្វើ​កោសល្យវិច័យ​សាកសព រួច​បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ ពុល​ដង្កូវ​ដួង​នោះ​ពិតប្រាកដ​មែន ។ បន្ទាប់មក បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន​ក្រុមគ្រួសារ​បានរៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​៕