ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមេម៉ាយម្នាក់មានកូនចំនួន៣នាក់ក្នុងបន្ទកគ្រួសារ ត្រូវបានជនដៃដល់អារ”ក” បណ្តាលឱ្យបាត់បង់ជីវិតនៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូលដល់ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានប្រាប់ព័ត៌មានជាបឋមឱ្យដឹងថាស្ត្រីរងគ្រោះឈ្មោះ អឿន ណេន អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនតូចៗចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកអធិការស្រុកបានបន្តថា ពុំមាននរណាបានដឹងរឿងហេតុការណ៍ខាងលើនេះឡើយ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញកូនៗស្រែកយំ ហើយនាំគ្នារត់ចេញពីក្នុងផ្ទះមកក្រៅ ពេលនោះក៍មានអ្នកជិតខាងនាំគ្នាទៅមើល ស្រាប់តែឃើញស្ត្រីជាម្ដាយត្រូវគេអារ”ក” បណ្តាលឱ្យបាត់បង់ជីវិតទៅហើយ ។
លោកអធិការស្រុកបានបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ មករា នេះដែរ ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញករណីខាងលើនេះ ដើម្បីឈានទៅដល់ការកំណត់មុខសញ្ញាជនដៃដល់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនទាន់ប្រាប់ពីតម្រុយណាមួយនៅឡើយទេ គ្រាន់តែប្រាប់ថា កំពុងស្រាវជ្រាវ និងស៊ើបអង្កេតជុំវិញករណីនេះ ។
លោកអធិការស្រុកបានបន្តទៀតថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យបានឱ្យដឹងថា នៅកន្លែងកើតហេតុបានរកឃើញស្រោមកាំបិតដែលជនដៃដល់បានប្រើ និងឃើញទូរសព្ទ័របស់ស្ត្រីរងគ្រោះបានបែកកញ្ជក់ខ្ទេច ដែលសមត្ថកិច្ចសង្ស័យថា អាចមុនពេលធ្វើឃាតស្ត្រីរងគ្រោះ ជនដៃដល់បានទាស់គ្នាជាមួយស្ត្រីរងគ្រោះទើបឈានដល់បោកទូរសព្ទ័ ហើយចាប់ស្ត្រីរងគ្រោះអារ”ក” រួចជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ដោយឡែក លោក ប៉ុល វុទ្ឋី ស្នងការរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា តាមការស៊ើបអង្កេត និងស្រាវជ្រាវ ព្រមទាំងការប្រមូលវត្ថុតាងនៅកន្លែងកើតហេតុ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ គឺជាបុរសម្នាក់ឈ្មោះម៉ី ម៉ាប់ អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលពេលនេះកំពុងរត់គេចខ្លួន ។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមក្តីតក់ស្លុតពីសំណាក់កូនតូចៗទាំង៣នាក់៕