កំពង់ស្ពឺ ៖ ថ្ងៃទី២៧.០១.២០២១ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ហ៊ឹន យុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្តឹង ឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តី ពីបទប្រើហិង្សាដោយចេតនាប៉ុនប៉ងសម្លាប់រូបគាត់ ដោយយកកាំបិតផ្គាក់ដងឈើប្រវែង៥៥cm យកមកកាប់គាត់។
តាមការបញ្ជាក់ឱ្យដឹងពីជនរងគ្រោះ ជាភរិយាបានរៀបរាប់ថា ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួយគាត់កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក លុះការឈ្លោះប្រកែកកាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់ បានមួយសន្ទុះកំហឹងមិនទាន់រលត់បុរសជាប្ដីបានស្ទុះទៅទាញកាំបិតផ្គាក់ដងឈើ យកមកប៉ុនប៉ងកាប់សម្លាប់តែម្ដង ប៉ុន្តែជនរងគ្រោះបានគេចផុតត្រូវចំស្មារបួសស្រាល ហើយលោកប្ដីបានចាប់ទាញជាប់វៃជាច្រើនដៃនិងសង្កត់ក ពេលនោះគាត់ខំរើបម្រាស់ ទើបរត់រួចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ។
មូលហេតុដែលកើតហិង្សារហូតឈានដល់ការប៉ុនប៉ងសម្លាប់ប្រពន្ធ ក៏ព្រោះតែ ភ្លើងប្រច័ណ្ឌ ប្រពន្ធជាមួយអ្នកជិតខាង។ វត្ថុតាងដកហូតបាន កាំបិតផ្គាក់ដងឈើមួយ។
ជនសង្ស័យខាងលើ សមត្ថកិច្ចបានហៅមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការសាកសួរ និងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕ដោយទេស សុវណ្ណ