តាមពិត ​ម្ចាស់បណ្តឹង ដែលហ៊ានប្តឹង ឧកញា អ៊ាន សៀវម៉ី រហូត​ឈាន​ទៅ​ដល់​មាន​ដីកា​បង្គាប់​ឲ្យនាំខ្លួននោះ គឺលោកស្រី ទ្រី ដាណា

ភ្នំពេញ ៖ ឧកញ៉ា អ៊ាន សៀវម៉ី​ ព្រមចូលខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ តាមការបង្គាប់ឲ្យនាំខ្លួន របស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងបទបរិហារកេរ្តិ៍ជាសារធារណៈ និងញុះញ៉ុង់ អោយមានការរើសអើង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១នេះ។បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥, មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាឧកញ៉ា អ៊ាន សៀវមុី ភេទស្រី អាយុ៣៣ឆ្នាំ ដែលជាអ្នកលក់គ្រឿងសម្អាង Online (អ្នកជំនួញ) មានទីកំណើត ភូមិ ស្វាយសក្ក័សិទ្ធ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខV01 ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់អំពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។ ហើយជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឱ្យចូលខ្លួនលើកទី ១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលោកស្រីមេធាវី អ៊ុំ ស្រី ពៅវល័ក្ខ ដាក់ពាក្យសុំលើកពេលចូលឆ្លើយតាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា ចាំបាច់ត្រូវពិនិត្យសំណុំរឿង ជាមុនសិន មុខនាំខ្លួនកូនក្តីចូលមកឆ្លើយនោះ តុលាការបានសម្រេចតាមសំណូមពរ ។ លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តុលាការបានបង្គាប់ឱ្យចូលខ្លួនជាលើកទី២ ឲ្យជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នាវេលាម៉ោង ០៩ព្រឹកជាកំណត់ ដែលដីកានោះត្រូវបានឈ្មោះ វង់ តូណាក់ ត្រូវជាប្ដីរបស់ជនត្រូវចោទផ្តិតមេដៃទទួលត្រឹមត្រូវរួចហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ប៉ុន្តែសាមីខ្លួនមិនបានចូលតាម ការកំណត់នោះទេ ។

ដោយតាមការយល់ឃើញខាងលើ តុលាការយល់ថា ជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី មានចេតនាគេចវេស មិនព្រមចូល ខ្លួនមកឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរ អូសបន្លាយពេលវេលាម្តងហើយម្តងទៀត គប្បីចៅក្រមស៊ើបសួរសម្រេចចេញដីកា បង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ។ រហូតនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានកាន់ដីការបង្គាប់ឲ្យនាំខ្លួន របស់លោក ផ្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជាធានីភ្នំពេញ នៅចំណុចផ្ទះជនជាប់ចោទ ផ្ទះលេខV01 ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែជនជាប់ចោទមិនបាននៅផ្ទះនោះទេ សមត្ថកិច្ចបានត្រឹមឡោមព័ទ្ធ និងឈរអាន ដីការបង្គាប់ឲនាំខ្លួនប្រាប់ទៅក្រុមគ្រួសារ អ៊ាន សៀវម៉ី រួចរាល់ក៏ដកត្រឡប់ទៅវិញ។

ស្រាប់តែមកដល់រសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នេះ ជនជាប់ចោទ អ៊ាន សៀវម៉ី ក៏ព្រមចូលខ្លួនបំភ្លឺ ក្រោមការសាកសួររបស់លោក ចៅក្រម ស លីណា ជាលទ្ធផលក្រោយពីសាកសួរអស់រយៈពេល ០៣ ម៉ោងចៅក្រមបានសម្រេចឲ្យនាំខ្លួនជនជាប់ចោទឈ្មោះអ៊ាន សៀវម៉ី មកកាន់សាលាដំបូងរាជធានីភ្នំពេញមុនថ្ងៃកំណត់ទី ២២ ខែកុម្ភះ ឆ្នាំ ២០២១ ជាកំហិត និងបញ្ជាកងកម្លាំងសមត្ថកិច្ចសាធារណៈទាំងអស់ឱ្យចាប់ និងនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី តាមកាលបរិឆ្ឆេទនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញមុនថ្ងៃកំណត់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា រឿងរ៉ាវដែលនាំឲ្យកើតជាការប្តឹងផ្តល់ទៅតុលាកានោះគឺដើមចមដោយសារតែឧកញ៉ា អ៊ាន សៀវម៉ី បានឡាយតាមបណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាទទៅលើលោកស្រី ទ្រី ដាណា ទើបគាត់ទ្រាំមិនបានក៏សម្រេចចិត្តដាក់ពាក្រប្តឹងដើម្បីឲ្យច្បាប់ជួយរកយុត្តិធម៌តែម្តង៕