ម៉ូតូ៣គ្រឿងបុកប៉ះគ្នា បណ្ដាឱ្យមនុស្សម្នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល.!

តាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយ ម៉ូតូបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឱ្យសិ​ស្ស​សាលា​ម្នាក់បា​ន​ស្លាប់ កសិករ ២​នាក់ និងសិស្ស ៣នាក់ទៀត រងរបួសធ្ងន់ស្រាល នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតក្នុងភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថា្នក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GL-8974 បើកបរដោយឈ្មោះ រ៉ូន សម្បត្តិ ភេទប្រុស អាយុ ១៣ឆ្នាំ ជាសិស្ស ជិះម៉ូតូមិនពាក់បមួកសុវត្ថិភាព រងបួសស្រាល និង​អ្នករួមដំណើរឈ្មោះ សន វិច្ឆិកា អាយុ ១៦ឆ្នាំ ជាសិស្ស ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ។ ម៉ូតូនេះ បានបុកជាមួយម៉ូតូ ហុងដាសេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CL-6142 បើកបរដោយឈ្មោះ ញៀន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស ជិះម៉ូតូមិនពាក់បមួកសុវត្ថិភាព រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សាក់ ពិសិដ្ឋ អាយុ ១៧ឆ្នាំ ជាសិស្ស រងរបួសធ្ងន់ ។

ម៉ូតូម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1GU-3805 បើកបរដោយឈ្មោះ អំ យ៉ាន ភេទប្រុស អាយុ ៤១ឆ្នាំ ជាកសិករ រងបួសស្រាល ជិះម៉ូតូមិនពាក់បមួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ យ៉ុង អាយុ ៨៨ឆ្នាំ ជាកសិករ រងរបួសធ្ងន់។ អ្នកស្លាប់ និងអ្នករងរបួសខាងលើនេះ រស់នៅស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ច បានបញ្ជូនអ្នករងរបួសធ្ងន់ស្រាលទៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕