មន្ត្រីPMខេត្តសៀមរាប ម្នាក់ផឹកសុីទាស់សំដីគ្នាជាមួយអ្នកកាសែតម្នាក់ ឈានដល់ផ្ទុះអាវុធ១គ្រាប់ នៅក្នុងតុផឹកស៊ី

សៀមរាប៖ មន្ត្រីកងអាវុធហត្ថខេត្តសៀមរាបម្នាក់ និងអ្នកកាសែតរួមនិងមនុស្សមួយក្រុមបាននាំគ្នាផឹកស៊ីក្នុងយីហោ មហាលាភ ៩៩៩៩ ក្រោយមកក៏មានករណីផ្ទុះអាវុធ១គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្នុងក្រុងសៀមរាប។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១នឹង១០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះករណីនេះលោក
តាំង ហូរ ដែលគេស្គាល់ថាជាអ្នកកាសែតប្រចាំអង្គភាព ANN បានប្រាប់ឲ្យដឹងថា ករណីនេះលោកកំពុងអង្គុយផឹកស៊ីជុំគ្នារួចហើយជនបង្ក ជាមន្ត្រីអាវុធហត្ថបានវាយលោក១ដៃ និងដកកាំភ្លើងរកបាញ់។ គ្រានោះលោកក៏រត់គេចខ្លួនសិន នឹងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចផងដែរ។ ចំណែកជនបង្កជាមន្ត្រីអាវុធហត្ថ មិនអាចសុំការពន្យល់បានទេដោយលោកថាកំពុងចាប់រវល់នៅក្នុងបន្ទាយ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសួរនាំសាក្សី ករណីនេះបង្កឡើងដោយឈ្មោះ តាំង ហូ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ អ្នកសារព័ត៌មានANN មានទីលំនៅបច្ចុប្បន្ន ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាបក្នុងខណៈកំពុងស៊ីផឹក បានធ្វើសកម្មភាពដោយយកកែវស្រាគប់ ទៅត្រូវក្បាលរបស់ឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាហេតុបណ្តាលឲ្យត្រូវថ្ងាសលើចិញ្ចើមភ្នែកផ្នែកខាងឆ្វេងរយះហូរឈាមពេញមុខ ដេរចំនួន៧ថ្នេរ និងមានស្នាមនៅលើក្បាល (របួសមុតអំបែងកែវ)។ ក្រោយពីធ្វើសកម្មភាពគប់ទៅលើឈ្មោះ អ៊ុក សុផល ឲ្យត្រូវរបួសរួច ជនបង្កបានឈ្មោះ តាំង ហូ បានរត់គេចខ្លួនចេញទៅខាងក្រៅហាងបាត់ ដោយឈ្មោះ អ៊ុក សុផល ដឹងថាខ្លួនមានរបួសហូរឈាមពេញមុខ និងដងខ្លួនក៏បានដើរចេញពីកញ្ចុះផឹកស៊ី សំដៅមករថយន្តរបស់ខ្លួន ហើយបានបានទាញយកកាំភ្លើងខ្លីពីក្នុងរថយន្តដើរចេញមកពីខាងក្រៅ ហើយបានបាញ់ឡើងលើចំនួន ០១គ្រាប់ (អាវុធខ្លីដែលឈ្មោះ អ៊ុក សុផល បានប្រើបាញ់គឺម៉ាកK54) ។ ដោយសារមុខរបួសហូរឈាមច្រើនពេក បុគ្គលិក និងសន្តិសុខក្នុងហាងខាងលើបាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ បន្ទាប់មកស្រាប់តែឈ្មោះ តាំង ហូរ បានចូលមកក្នុងហាងខាងលើម្តងទៀត ក៏បានស្រែកជេរឡូឡា ពេលនោះសមត្ថកិច្ចនគរបាលក៏បាននាំឈ្មោះ តាំង ហូរ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមដើម្បីសួរនាំ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណី ហិង្សាខាងលើកើតឡើង គឺបណ្តាលមកពីផឹកស៊ីជាមួយគ្នា ក៏មានទំនាស់ពាក្យសម្តីគ្នា ។ បច្ចុប្បន្ន កម្លាំងការិយាជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវ និងសួរនាំសាក្សីនៅចំណុចកើតហេតុខាងលើ ដើម្បីអនុវត្តន៍តាមនីតិវិធី៕