គ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះជាង ៧តោន និង​សម្ភារ​មួយចំនួន​ទៀត ត្រូវបាន​យកចេញ​ពី​នាវាចម្បាំង​ដែល​បានលិច​នៅ​ទន្លេខេត្តកំពង់ចាម..!

កំពង់ចាម៖ រហូតមកដល់ពេលនេះ ក្រុមការងារជំនាញ បានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៧តោន រួមនឹងគ្រោងឆ្អឹងមនុស្សចំនួន២ចំណែក កាំភ្លើង មួកទាហាន ស្លាកឈ្មោះ និងរបស់របរមួយចំនួនទៀត ត្រូវបានយកចេញពីក្នុងនាវាចម្បាំង ដែលបានលិចនៅក្នុងទន្លេក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ នេះបើយោងតាមរបាយការណ៍ ដែលបានបង្ហាញឱ្យដឹងក្នុងពេលដែល នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានដឹកនាំក្រុមការងារចុះទៅកាន់ទីតាំងនាវា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលបានរុករកឃើញនោះ គឺនៅនាវាម៉ារីនមួយគ្រឿង ដែលបានលិចក្នុងបាតទន្លេមេគង្គ មានជម្រៅទឹកពី២៥ ទៅ៣០ម៉ែត្រ កាលពីសម័យសង្គ្រាមស៊ីវិល រួមមាន ប្រភេទគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ ៨១ មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ របស់អាមេរិក។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌ និងគ្រោងឆ្អឹងនោះ គឺត្រូវបានអ្នកជំនាញសិក្សាថា សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានគូសបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា ចំពោះគ្រឿងយុទ្ធភណ្ឌ និងគ្រោងឆ្អឹងមនុស្ស ត្រូវបានអាជ្ញាធរមីនយកទៅរក្សាទុកនៅក្នុងឃ្លាំងសុវត្ថិភាព ដែលស្ថិតនៅក្បែរកន្លែងប្រតិបត្តិរុករកក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាលឱ្យកម្ទេចគ្រាប់យុទ្ធភណ្ឌទាំងអស់នេះ។

សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមមុជទឹកចុះពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ដើម្បីដោះស្រាយករណីនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត ដើម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ៕