រដ្ឋាភិបាលឥណ្ឌា សម្រេចផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន១សែនដូសដល់កម្ពុជា

រដ្ឋាភិបាលឥណ្ឌា បានសម្រេចផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន១សែនដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។នេះបើតាមការប្រកាសរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា បានបញ្ជាក់ថា៖ «ស្ថានទូតឥណ្ឌាភ្នំពេញ មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេច ផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដុស (១០០,០០០) ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងស្ថានភាពបន្ទាន់។ ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩»។

«ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និង ការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ។ ការសំរេចចិត្តនេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត របស់ឥណ្ឌាចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និង ជាការយកចិត្តទុកដាក់ចំពោះ សុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសដដែល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយ លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។

ក្នុងចំណោមជំនួយ១១លានដូសនោះ មានវ៉ាក់សាំង Sinopharm របស់ចិនចំនួន១លានដូស ជំនួយពីខូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស, ជំនួយទឹកប្រាក់របស់អូស្រ្តាលី ២៨លានដុល្លារ ស្មើនឹង៣លានដូសផងដែរ។ ចំណែកតម្រូវការ៩លានដូសទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងបន្តស្នើសុំ និងទិញពីប្រទេសមួយចំនួន។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមវ៉ាក់សាំង៩លានដូសនេះ កម្ពុជាក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផងដែរ ប្រសិនបើតម្លៃត្រឹម ៤-៥ដុល្លារ ក្នុង១ដូស ដូចតម្លៃវ៉ាក់សាំងអស់គ្លេស AstraZeneca នាពេលបច្ចុប្បន្ន។ សម្តេចបានបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិការបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសម្បុរសជននានា ដែលមានទឹកប្រាក់សរុប៥៧លានដុល្លារនោះ នឹងអាចគ្រប់គ្រាន់សម្រាប់ការទិញវ៉ាក់សាំង៕