នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាបន្ទាន់មួយ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក ដោយមានការចូលរួម ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវអនុវត្តឲ្យបានជាដាច់ខាតតាមបទបញ្ជាដ៏មុតស្រួចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងប្រទេស។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានដាក់បទបញ្ជា ៖
– ឲ្យសមត្ថកិច្ចមានវិធានការម៉ឺងម៉ាត់ និងទប់ស្កាត់កុំមានប្រជាពលរដ្ឋប្រទេសកម្ពុជាចេញទៅប្រទេសវៀតណាម និងចំពោះប្រជាពលរដ្ឋខ្មែរវិលត្រលប់មកវិញ ព្រមទាំងប្រជាជនវៀតណាមចូលមកកម្ពុជាត្រូវធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។
– លើសពីនេះទៀត ឯកឧត្តម បានដាក់បញ្ជាឲ្យសមត្ថកិច្ចរឹតបណ្តឹងហាមឃាត់មិនឲ្យមានការលួចចេញចូលតាមបណ្តាច្រករបៀងទាំងអស់ ជាពិសេសព្រំដែនទឹកក៏ត្រូវមានវិធានការម៉ឺងម៉ាត់ផងដែរ។
– រីឯរាល់ទំនិញចេញចូលត្រូវដំណើរការធម្មតា ប៉ុន្តែត្រូវត្រួតពិនិត្យ ឲ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕