អង្គការ JMAS កំពុងស្វះស្វែងរកដៃគូអភិវឌ្ឍន៍តំបន់ដែលបានសម្អាតមីនរួចរាល់

ភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលជប៉ុនមួយ ដែលធ្វើការលើកវិស័យកម្ចាត់មីននៅកម្ពុជា បាននិងកំពុងប្រកាសស្វែងរកដៃគូសម្រាប់អភិវឌ្ឍនៅតំបន់ ដែលខ្លួនបានបោសសម្អាតមីននិងកសាងបានជាភូមិសុវត្ថិភាពល្អ នៅក្នុងខេត្តចំនួន៤នៃប្រទេសកម្ពុជា ដែលក្នុងតំបន់ទាំងនោះ ត្រូវបានសាងសង់សាលារៀននិងមានផ្លូវក្រួសក្រហមរួចរាល់ ហើយនៅខ្វះតែដៃគូចូលទៅអភិវឌ្ឍប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០១៩ នៅ ឯស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក ណូរីយ៉ូហ្ស៊ិ ស៊ូអេណាហ្កា តំណាងអង្គការសកម្មភាពកម្ចាត់មីនជប៉ុនហៅកាត់ថា JMAS បានឱ្យដឹងថា គោលដៅចុងក្រោយនៃការងាររបស់JMASនៅកម្ពុជា គឺលប់បំបាត់ភាពក្រីក្ររបស់ប្រជាជនកម្ពុជានៅក្នុងតំបន់ដែលធ្លាប់តែជាចំការមីន ហើយអាចធ្វើបែបនោះទៅបាន គឺត្រូវការអ្នកវិនិយោគ ឬ អ្នកអភិវឌ្ឍនៅតំបន់ដែលបានសម្អាតមីនរួច ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានក្រុមហ៊ុននិងអង្គការក្រៅរដ្ឋាភិបាលតិចតួចប៉ុណ្ណោះ ដែលបានចូលទៅវិនិយោគក្នុងតំបន់ទាំងនោះ។ ដូច្នេះតាមរយៈសន្និសីទសារព័ត៌មាននេះ JMAS សូមប្រកាសរកដៃគូអភិវឌ្ឍនៅក្នុងតំបន់ដែល JMAS បានសម្អាតមីនរួចរាល់ទាំង៤ ខេត្តនៅកម្ពុជា ។

សូមជម្រាបថា JMAS គឺជាអង្គការដែលបានបង្កើតឡើងដោយនិវត្តជន នៃកងស្វ័យការពាររបស់ជប៉ុន ហើយបានចូលមកធ្វើការនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០០២ ដោយចាប់ដៃគូជាមួយ CMAC និង បានធ្វើការនៅក្នុងខេត្តចំនួន៤ គឺខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ រហូតមកដល់ពេលនេះ JMAS កម្ទេចគ្រាប់មីន គ្រាប់បែកចង្កោម និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទបានចំនួន ៤០៧.៦២៤ គ្រាប់ សម្អាតផ្ទៃដីប្រគល់ជូនប្រជាពលរដ្ឋបាន ៣.២៨៧ ហិកតា ។

ក្រៅពីការសម្អាតមីន JMAS នៅមានកម្មវិធីដ៏សំខាន់មួយទៀត គឺការកសាងភូមិសុវត្ថិភាព ពោលគឺបន្ទាប់ពីសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះរួចហើយ JMAS ដែលមាន CMAC ជាដៃគូ ក៏បានសាងសង់ផ្លូវ ជីកប្រឡាយទឹក ស្រះទឹក អណ្តូទឹក និង សាងសង់សាលារៀនជូនប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ បានសាងសង់ សាលាបឋមសិក្សាបាន១១ខ្នង ស្ថាបនាផ្លូវក្រួសក្រហមបាន៦៥ គីឡូម៉ែត្រ ជីកប្រឡាយបាន៧៦ គីឡូម៉ែត្រ ស្រះទឹកបាន៥២ ស្រះ និង ប្រព័ន្ធបង្ហូរទឹក៧៦ កន្លែងផងដែរ៕