អាមេរិកបើកការស៊ើបអង្កេតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាពិសេសក្រុមហ៊ុនGoogle

បរទេស ៖ អគ្គមេធាវី មកពីរដ្ឋរបស់សហរដ្ឋអាមេរិកចំនួន ៤៨ បានបើកការស៊ើបអង្កេតប្រឆាំង នឹងសេចក្តីទុកចិត្ត ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ដែលផ្តោតលើក្រុមហ៊ុន Google របស់ ក្រុមហ៊ុន Alphabet ។

អគ្គមេធាវី មកពីរដ្ឋតិចសាស់ លោក Paxton ដឹកនាំការស៊ើបអង្កេតដែលនឹងផ្តោតទៅលើអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលធ្លាប់ត្រូវបានកោតសរសើរថា ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាមួយនឹងប្រសិទ្ធភាពដ៏ធំធេង កំពុងតែរងនូវការចោទប្រកាន់ពីបទប្រើប្រាស់ ឥទ្ធិពលមិនត្រឹមត្រូវ នៅក្នុងទីផ្សារ និងការលួចបន្លំ ដូចជាការបំពានសិទ្ធ ឯកជន។

ក្រុមហ៊ុន បានប្រឈមនឹងការចោទប្រកាន់ថា សេវាកម្មស្វែងរកគេហទំព័ររបស់ខ្លួន ដែលមានភាពលេចធ្លោនោះ ដឹកនាំអតិថិជនទៅរកផលិតផលផ្ទាល់ខ្លួន ធ្វើអោយ ប៉ះពាល់ដល់គូរប្រជែង។ ដូច្នេះមានការត្អូញត្អែរ អំពីឥរិយាបទប្រឆាំងនឹងការប្រកួតប្រជែងដែលមានសក្តានុពល នៅក្នុងរបៀបដែលក្រុមហ៊ុនដំណើរការផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ កំពុងស៊ើបអង្កេត ក្រុមហ៊ុន Facebook, Google, Apple និង Amazon ចំពោះការរំលោភច្បាប់ប្រឆាំងនឹងសេចក្តីទុកចិត្ត ​៕