ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ធីត លីន អន (Thit Linn Ohn ) ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា នៅវិមានសន្តិភាព។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តមទូតថ្មីនៅកម្ពុជា នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង មីយ៉ាន់ម៉ា។
សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសទាំងពីរគឺមានទំនាក់ទំនង ជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ សម្តេចតេ ជោ ក៏បានមានប្រសាសន៍ថា យើងគួរពិនិត្យមើល តើយើងគួរធ្វើសកម្មភាពអ្វីខ្លះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃទំនាក់ទំនងនេះ។ ជាមួយគ្នានោះ យើងគប្បីពិនិត្យមើលទៅលើកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងត្រូវចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ និងជំរុញកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ដើម្បីបង្កើននូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។
លោក ធីត លីនអននឹងជំរុញឲ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ជាពិសេសលើការធ្វើពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សារបស់និស្សិត ក៏ដូចជាប្រជាជន និងប្រជាជនផងដែរ។
សម្ដេចតេជោ បានបន្តទៀតថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិនទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។ ក្នុងន័យនេះ សម្ដេចតេជោ សូមឲ្យមានការជំរុញបន្ថែមទៀតក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។ សម្ដេចតេជោក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយសម្ដេចជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ? ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ។ យើងគួរតែពិនិត្យមើលទៅលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតដូចជាកិច្ចព្រមព្រៀងទៅលើការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចគាំពារវិនិយោគជាដើម ដែលទាំងអស់នេះ គឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ខ្លាំង និងមានទំនុកចិត្ត ព្រមទាំងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពស្អិតរមួតថែមឡើងទៀត។
ចំពោះបញ្ហាជនភៀសខ្លួននៅតំបន់រដ្ឋការខាញ របស់មីយ៉ាម៉ា សម្តេចតេជោ ដែលកន្លងមកកម្ពុជាក៏ធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរយើងដែលបានរស់នៅលើទឹកដីថៃប្រមាណជាង៣០ម៉ឺននាក់ ឲ្យត្រឡប់មកមាតុប្រទេសវិញ នៅពេលដែលប្រទេសយើងមានដំណោះស្រាយនយោបាយ នឹងទទួលបាននូវសុខសន្តិភាព។ ហើយបទពិសោធន៍នេះត្រូវប្រើប្រាស់ពេលវេលា និងការរៀបចំត្រឹមត្រូវដោយមានការរៀបចំជាផ្ទះសម្បែង ដីធ្លីសម្រាប់ឲ្យពួកគាត់វិលមក ហើយមានទំនុកចិត្ត ដោយគ្មានការភ័យខ្លាចបញ្ហាទាំងអស់ ហើយរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដំណើរការរៀបចំការវិលត្រឡប់នៃជនភៀសខ្លួនមីយ៉ាម៉ា ផងដែរ៕