ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា នេះថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅពេលឆាប់ៗខាងមុខ ក្រោយសេចក្តីព្រាងច្បាប់មួយនេះ ត្រូវបានរៀបចំតាក់តែងប្រជុំ ពិភាក្សាយ៉ាងច្រើន ជាមួយដៃគូ សង្គមស៊ីវិល។ បើតាមរដ្ឋមន្ត្រីព័ត៌មាន នៅដើមខែក្រោយនេះ ក្រសួងនឹងបើកិច្ចប្រជុំអន្តរក្រសួងម្តងទៀត ដើម្បីពិភាក្សាច្បាប់នេះ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័ត។
ថ្លែងនៅក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ ២០១៩ ក្រោមប្រធានបទ «សិទ្ធិទទួលព័ត៌មាន៖ គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល » នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ខ្លឹមសារធំនៃសេចក្តីព្រាង ច្បាប់សិទ្ធិទទួលបានព័ត៌មាន មិនត្រូវបានកែប្រែនោះទេ គឺកែប្រែតែពាក្យពេជន៏ប៉ុណ្ណោះ។ អន្តរក្រសួងកំពុងសិក្សា និងពិភាក្សាបន្ថែមចំពោះព័ត៌មានសំងាត់ ដែលរដ្ឋអំណាច ក្រសួង ស្ថាប័ននីមួយមិនអាចបញ្ចេញឲ្យអ្នកកាសែត ដើម្បីធ្វើការផ្សព្វផ្សាយ។ អន្តរក្រសួង និងសង្គមស៊ីវិល បានឯកភាពគ្នា តម្រូវឲ្យរដ្ឋអំណាចកាត់បន្ថយឲ្យតិចបំផុតចំពោះព័ត៌មានសំងាត់ មិនមែនព័ត៌មានអ្វីៗសុទ្ធតែសំងាត់ ហើយមិនផ្តល់មកអ្នកកាសែតនោះទេ។ បើតាមរដ្ឋមន្ត្រីក្រសួង ព័ត៌មាន ករណីបើព័ត៌មានសំងាត់នោះ មានផលប្រយោជន៏ដល់សមូហភាព ធំជាងផលប្រយោជន៏រឿងសំងាត់នោះ នោះព័ត៌មានទាំងនឹងត្រូវផ្តល់ឲ្យ និងបញ្ចេញ ដើម្បីប្រយោជន៏មហាជន។
គួរបញ្ជាក់ដែរថា សេក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានរៀបចំ តាក់តែងឡើងដោយក្រសួងព័ត៌មាន និងដោយមានការពិភាក្សា ផ្តល់យោបល់ យ៉ាងច្រើនពីសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ តាំងពីឆ្នាំ២០១៦ ដោយមកដល់ ពេលនេះបានបញ្ចប់ជាស្ថាពរ។ ប៉ុន្តែនៅមានចំនុចមួយចំនួនមិនទាន់បានឯកភាពគ្នាទាំងស្រុង ដោយបន្តពិភាក្សាជាមួយអន្តរក្រសួង ពាក់ព័ន្ធទៅនឹងព័ត៌មានសំងាត់ ដែលក្រសួង ស្ថាប័ន ត្រូវបញ្ចេញ និងផ្តល់ឲ្យអ្នកកាសែត។ តាម ការគ្រោងទុកនៅចុងខែតុលា រឺដើមខែវិច្ឆិកាខាងមុខ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវលើកយកពិភាក្សាអន្តរក្រសួងម្តងទៀត មុននឹងដាក់ជូនកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីធ្វើការអនុម័ត និងបញ្ជូនទៅស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដើម្បី ពិនិត្យ និងសម្រេច។ សេចក្តីព្រាងច្បាប់នេះមាន៩ជំពូក និង៣៨មាត្រា ប៉ុន្តែក្រសួង និងភាគីពាក់ព័ន្ធ បានសម្រេចលុបចោលមាត្រា៣០ ដែលបានចែងថា “អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តអំពើឆាឆៅរំខានរារាំងការបំពេញការងាររបស់ស្ថាប័នសាធារណៈ ត្រូវបានផ្តន្ទាទោសតាមមាត្រា៥០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕