សង្ស័យជាងផ្សារដំបូលបណ្តាលឲ្យឆេះផ្សារចិនបំផ្លាញអស់ ៣៣តូប

ខេត្តព្រះសីហនុ ៖ អគ្គិភ័យ បានឆាបឆេះផ្សារចិន នៅក្នុងក្រុងព្រះសីហនុយ៉ាងសន្ធោរ សន្ធៅ កាលពី វេលាម៉ោងជាង៩កន្លះព្រឹកថ្ងៃ៣១ ខែតុលា ម្សិលមិញនេះ បង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ពន្លត់ ហើយក្រុមសង្គ្រោះបានធ្វើប្រតិបត្តិការជួយពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗ នៅកន្លែងកើតហេតុ រហូតគិតមកដល់ម៉ោង១២និង៣០នាទី គឺភ្លើង បានរលត់ទៅវិញ ដែលមានតូបលក់ដូរច្រើនតូបនៅប៉ែកខាងក្រោយផ្សារ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។

ចំពោះដើមហេតុថា បណ្តាលមកពីបញ្ហាអ្វី យើងនៅមិនទាន់ដឹងឡើយ។ យ៉ាងណាមិញ ក្រោយពីទទួល បានព័ត៌មានថា មានករណីអគ្គិភ័យ ឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់៤ រួចមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះទៅជួយអន្ដរាគមដល់ទីតាំងកន្លែងកើតហេតុភ្លាមៗតែម្ដង។

លោកឧត្តមសេនីយ៍ ប៊ូ សុធី ស្នងការរងរងទទួលផែនបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា អគ្គិភ័យ ដែលឆេះតូបលក់ដូរនៅចន្លោះខាងក្រោយផ្សារលើនិងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) ក្នុងសង្កាត់លេខ៤ បានរលត់វិញ នៅវេលាម៉ោងជាង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃ៣១ តុលា ២០១៩ ក្រោយឆាបឆេះរយៈពេលជាង២ម៉ោង។ តូបដែលបានឆាបឆេះ គឺជាតូបលក់ផ្លែឈើ និងតូបលក់ទំនិញផ្សេងៗនៅក្បែរគ្នាច្រើនតូប ត្រូវអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងមិនរាលដាលឆេះដល់លំនៅដ្ឋានពលរដ្ឋក្បែរផ្សារឡើយ ។ យោងតាមការស្ថិតិដំបូង អគ្គិភ័យឆាបឆេះនេះ មានចំនួន៣៣ តូប។

ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍ពីដើមហេតុ នាំអោយមានអគ្គិភ័យ និង ចំនួនតូបលក់ដូរ ដែលឆេះខូចខាត និងទំហំនៃការខូចខាតពីមហន្តរាយនៃអគ្គិភយ័នេះនៅឡើយ ដោយកំពុងស្រង់ស្ថិតិ។ ចំពោះរថយន្តដែលបានចូលរួមក្នុងយុទ្ឋនាការនេះ មានចំនួន៨គ្រឿង មកពីអង្គភាពប៉ូលិស២គ្រឿង អង្គភាពកងរាជអាវុធហត្ថ២គ្រឿង មកពីអង្គភាព ង ៧០០២គ្រឿង និងមកពីអង្គភាពកំពង់ផែរស្វ័យត្នក្រុងព្រះសីហនុ២គ្រឿង។

ជុំវិញករណីអគ្គីភ័យនេះផងដែរ បើយោងតាមប្រភពអាជីវករ ដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា អគ្គីភ័យនេះបណ្តាលមកពីការផ្សារដែករបស់ក្រុមជាង ដែលជុលជួលតូប ផ្នែកដំបូល ហើយបានធ្លាក់កម្ទេចភ្លើងមកប៉ះក្រដាស និងជ័រ ដែលនៅខាងក្រោម ទើបបណ្តាលអោយឆាបឆេះជាអណ្តាលភ្លើងបែបនេះ៕ ដោយ ៖ មនោរាហ៍