ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩ និង ៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីផ្ទុះពីដុងថ្នាំគីមីលាយបញ្ជូនគ្នា បង្កើតជាអ័រម៉ូនឬជីសាន (ភាសាថៃ) សម្រាប់ដាក់ដើមតាង៉ែនអោយចេញផ្លែ បណ្តាលឲ្យមនុស្ស ចំនួន ៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរ ពេទ្យ បង្អែក ខេត្តប៉ៃលិនភ្លាមៗ ។ហេតុការខាងលើនេះ បានកើតឡើងនៅ ភូមិអូរពឺត សង្កាត់ ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានចាប់ផ្តើមធ្វើលាយជីគីមីបញ្ជូនគ្នា បង្កើត ជាអ័រម៉ូន ឬភាសាថៃនិយាយថា(សាន) ដើម្បីយកទៅដាក់ដើមតាង៉ែនឲ្យ ចេញផ្លែ បន្ទាប់ពីលាយបញ្ជូនគ្នាហើយ គឺជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បាន យកមកគូក្រឡុក ដើម្បីឲ្យចូលសាច់មួយ ពេលនោះស្រាប់តែបង្ក ឲ្យផ្ទុះ លាន់ ដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ផ្ទះសន្លប់តែម្តង ព្រមទាំង បង្ក ឲ្យមនុស្សពីរទៅបីនាក់ផ្សេងទៀតរងរបួសជាមួយគ្នាដែរ ។ ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេលកើតហេតុគេឃើញវត្ថមានឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងអធិការក្រុងប៉ៃលិន ដឹងនាំមន្ត្រីក្រោមឪវាទ ព្រម ទាំង មន្ត្រីស៊ីម៉ាក់ ចុះមកត្រូតពិនិត្យជាក់ស្តែង នៅនិងកន្លែង ចំណែកជនរង គ្រោះ ទាំង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខែម្តង ។
បើតាម លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ មូលហេតុ ដែលបណ្តាលឲ្យមានករណី ផ្ទះផ្អើលទូទាំងក្រុងប៉ៃលិននេះ គឺដោយសារតែជនរងគ្រោះជាម្ចាស់ផ្ទះ បានយកថ្នាំគីមីលាយបញ្ជូនគ្នា បង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) ច្រកដាក់ក្នុងពីដុង រួចក្រឡុក ទើបបណ្តាលអោយផ្ទុះរងរបួសតែម្តង ។លោកអធិការ បានបន្តថា៖ ជនរងគ្រោះទី១ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ ជាម្ចាស់ផ្ទះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់)ទី២ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (របួសធ្ងន់),ទី៣ឈ្មោះ ធីម រតនា ភេទ ប្រុស អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល)និងទី៤ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ផងដែរ។
បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកជនរងគ្រោះ ដែលរបួសស្រាល គឺ សម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ។សូមបញ្ជាក់ថា៖ ចំពោះករណីនេះក៍មានការលើកឡើង ពីមន្ត្រីជំនាញផងដែរថា ថ្នាំគីមីដែល ជនរង គ្រោះយកមកលាយបញ្ជូនគ្នា ជាប្រភេទថ្នាំដែលអាច បង្កគ្រោះថ្នាក់ ដល់អាយុជីវិតបាន ហើយប្រសិនជាយើងមិនចេះជំនាញច្បាស់លាស់នោះ សូមកុំប្រថុយលាយបញ្ជូនគ្នាឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ជាយថា ហេតុដូច ករណីខាងលើផងដែរ ៕ដោយ សេង សុវណ្ណារិទ្ធ