ប្រមុខការពារជាតិកម្ពុជានឹង​ទៅ​ទស្សន​កិច្ចនៅតួកគី ចុង​ខែ​មករា នេះ ​

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​យៈពេល ៦ថ្ងៃ ពីថ្ងៃទី​២៦-៣១ ខែមករា ឆ្នាំ២០២០ នៅប្រទេសតួគី តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិតួគី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងបញ្ជាក់ថា ក្ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីអង់ការ៉ាសម្ដេចពិជ័យសេនា ទៀ បាញ់ និង​គណៈ​ប្រតិភូ​គ្រោង​នឹង​អញ្ជើញ​ជួប​ពិភាក្សាការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សាធារណរដ្ឋ​តួគី លោក ហ៊ូលូស៊ី អាការ៍ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២។

សូមជម្រាបថា កម្ពុជា និងតួគី ធ្លាប់មានទំនាក់ទំនងការទូតរវាងគ្នាតាំងពីឆ្នាំ១៩៧០។ ចំណង​ការទូត​បាន​បាត់បង់​ក្រោយឆ្នាំ១៩៧៥ ដែលកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទំនាក់ទំនង​រវាង​កម្ពុជា និងតួគី បានវិលត្រឡប់មកវិញក្រោយឆ្នាំ១៩៩៣ ដែល​មាន​ការ​បោះ​ឆ្នោត​សកល​លើក​ដំបូង។ ទំនាក់ទំនងរវាងកម្ពុជានិងតួកគី ក្រោយ​មក​កាន់​តែ​បាន​ពង្រឹង​បន្ថែម​ទៀត​ជាពិសេស​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ទៅ​កាន់​ប្រទេស​តួកគី​កាលពីខែតុលាឆ្នាំ២០១៨។

ក្រោយមកទៀតនៅចុងខែកក្កដាឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើទស្សនកិច្ចក្នុងក្រុងអង់ការ៉ា ដែលពេលនោះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ប្រទេស​ទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិ​សុខ និងការលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគីប្រឆាំងនឹង អំពើភេរវកម្ម៕