រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជួបពិភាក្សាជាមួយសមាជិកសភាអាមេរិក

ភ្នំពេញ ÷ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យគណៈ ប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ចំនួន៨រូប ដឹកនាំដោយលោក Seth Wilbur Moulton សមាជិកគណៈកម្មាធិការកិច្ចការយោធា ចូលជួបសម្តែងការគួរសម នៅបន្ទប់សវនាការ អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ 

លោកSeth Wilbur Moulton បានមានប្រសាសន៍ថា លោកជាសមាជិកសភាសហរដ្ឋអាមេរិក មកពីគណៈបក្សប្រជាធិបតេយ្យ រួមនិងសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋ បានមកបំពេញ ទស្សន កិច្ចជប្រទេសកម្ពុជា នាពេលនេះ ដើម្បីបង្ហាញពីការរួបរួមគ្នានិងធ្វើការជាមួយគ្នា។

លោក បានបញ្ជាក់ថា ការជជែកជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ថ្ងៃនេះ គឺបានពិភាក្សាដោយស្មោះត្រង់ជាមួយគ្នា ស្តីអំពីការ ព្រួយបារម្ភរបស់សហរដ្ឋអាមេរិកទៅលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយនិងសាធារណរដ្ឋប្រជាមានិតចិន ដែលព្យាយាមដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក បានបន្តថា យើងមាន កម្លាំងយោធាប្រកបដោយសក្តានុពល ហើយអាមេរិកចង់ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅ នឹង ការផ្តល់ជាការហ្វឹកហាត់ និងសម្ភារៈផ្សេងៗដល់រដ្ឋាភិបាលកម្ពុជា តែយើងនៅមានការព្រួយបារម្ភចំពោះ មូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាផងដែរ។

លោក Seth Wilbur Moulton បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រកបដោយស្មារតីភាពតរៈភាព ហើយនឹងយក បទពិសោធន៍ និងលទ្ធផលនៃកិច្ចពិភាក្សានេះ ទៅជជែកជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដែលមានអនុ ប្រធានាអធិបតី និងប្រធានាអធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកចំនុចខ្វះខាត ដើម្បីធ្វើការឲ្យបានប្រសើរ។

សហរដ្ឋអាមេរិក មានការគាំទ្រចំពោះកម្ពុជា ឲ្យមានភាពរុងរឿង ហើយប្រកបដោយសេរីភាព និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត។ ប្រទេសកម្ពុជា កំពុងតែមាន សេដ្ឋកិច្ចដើរលឿនទៅមុខ និងរីកចម្រើនទៅមុខ ហើយលោករំពឹងថា នឹងមានទំនាក់ទំនងដ៏ល្អប្រសើរ ជាមួយនឹងកម្ពុជា ពិសេសវិស័យពាជ្ជកម្ម។

តាមរយៈជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ប្រាប់ ដល់ក្រុមសមាជិកសភាអាមេរិកថាប្រទេសកម្ពុជាមិនអនុញ្ញាតិឲ្យបរទេសបោះទីតាំងកងទ័ពនៅលើទឹកដី របស់ខ្លួនជាដាច់ខាត់ ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលជំនួយជាយុទ្ធោបករណ៍ពីបណ្តាប្រទេសនានា ដើម្បីអភិវឌ្ឍ កងទ័ពរបស់ខ្លួនអោយបានល្អប្រសើរ៕